ភ្នំពេញៈ
ស្ត្រីម្នាក់ត្រូវបានកម្លាំង នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនពាក់ព័ន្ធ ករណីឆបោកប្រាក់ ក្រោមរូបភាពទិញ-លក់ទូរស័ព្ទតាមប្រព័ន្ធអនឡាញ។
តាមសមត្ថកិច្ចដែលដឹងថា យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីឆបោកប្រាក់ក្រោម រូបភាពទិញ-លក់ទូរស័ព្ទតាមអនឡាញ ដែលមានជនរងគ្រោះជាច្រើននាក់ ដែលបាន ដាក់ពាក្យបណ្ដឹង។
ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋាន បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ព.ដ.ន ភេទស្រី ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ ត្រូវបានជនអនាមិក អូសទាញឱ្យធ្វើសកម្មភាពទទួល និងផ្ទេរប្រាក់តាមគណនីធនាគារជាបន្ដបន្ទាប់ ហើយ បានទទួលផលប្រយោជន៍ពីអំពើទុច្ចរិតនេះ។ ក្នុងនោះដែលគណនីហ្វេសប៊ុករបស់ជនអនាមិកនៅតែបន្ដបង្ហោះផ្សព្វផ្សាយទិញ-លក់ទូរស័ព្ទ និងស្វែងរកអ្នកចូលរួមធ្វើសកម្មភាពទទួលប្រាក់ និងតបឆាត តាមរយៈលេខទូរស័ព្ទ ០៩៦ ៦៦០ ០៣២៥, ០៩៦ ៧៨៣ ៩៧២៥ និងបានឱ្យQR Codeរបស់គណនីធនាគារផ្ សេងៗ តាមបណ្ដាញសង្គមនានា ក្នុងគោលបំណងជ្រើរើសបុគ្គលិកសម្រាប់ការងារ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូន ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៍បានក្រើនរំលឹកដល់សារធារណជន សូមប្រុង ប្រយ័ត្នខ្ពស់ ពីការផ្ដល់ឱកាសការងារតាមអនឡាញដែលមិនស្គាល់ប្រភពច្បាស់លាស់ អាចត្រូវបានជនអនាមិកបញ្ចុះបញ្ចូល អូសទាញ រហូតក្លាយជាអ្នកទទួលផលនៃបទ ល្មើសផ្សេងៗ និងត្រូវទទួលទោសតាមផ្លូវច្បាប់ជាធរមាន៕
