បាត់ដំបង៖ 

យ៉ាងហោចណាស់ បុរស០៤នាក់ បានរងរបួសធ្ងន់ស្រាលក្រោយបើករថយន្តដឹកជ្រូកទៅបុកជាមួយរថភ្លើងដឹកខ្សាច់នៅវេលាម៉ោង០២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ នៅចំណុចផ្លូវឆ្លងកាត់ហាយវេ ស្ថិតក្នុងក្រុមទី១៩ ភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថភ្លើងដឹកខ្សាច់០១គ្រឿងបើកបរទិសដៅពីត្បូងទៅជើង(ភ្នំពេញ.បាត់ដំបង) លុះមកដល់ចំណុចកើតហេតុក៏មានរថយន្តធុនធំដឹកជ្រូកពណ៌លឿង០១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ 3F-3307 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរ០៣នាក់ ទិសដៅពីកើតទៅលិច ក៏បានជ្រុលទៅបុករថភ្លើងពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាលទាំង០៤នាក់តែម្តង។ 

ក្រោយពេលកើតហេតុ ជនគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែករថយន្តខាងលើកម្លាំងជំនាញផ្នែកចរាចរណ៍បានចុះមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕