ក្លឹបកីឡាទីយ៉ាត្លុង SUSU គ្រងតំណែងជើងឯកកីឡាទីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ បន្ទាប់ពីក្លឹបនេះដណ្តើមបានមេដាយមាសចំនួន ៣ ក្នុងព្រឹត្តិការណ៍រៀបចំដោយសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ក្រោមការប្រើប្រាស់ថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា។ ពិធីបិទធ្វើឡើងក្រោមវត្តមានលោកស្រី ម៉ក់ វណ្ណស៊ីថា អនុប្រធានសហព័ន្ធតំណាងលោកឧកញ៉ា គង់ រិទ្ធីជព្វ ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុង បានប្រាប់ឲ្យដឹងថា ការ ប្រកួតកីឡាទ្រីយ៉ាត្លុង ជ្រើសរើសជើងឯកថ្នាក់ជាតិ ចាប់ពីថ្ងៃទី ២៤-២៦ ខែតុលា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ ការប្រកួតឆ្នាំនេះមានក្លឹបចូលរួមចំនួន ៧ រួមមាន ក្រុមប្រឹក្សាកីឡា ខភម ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ អង្កការមិត្តសំឡាញ់ ក្លឹប SUSU, ក្លឹប We Get Fit ក្លឹបកំពង់ឆ្នាំង និងក្លឹបមហាជន។
លោកអគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុង បានបន្តថា សហព័ន្ធបានដាក់វិញ្ញាសាប្រកួតមានចំនួន ៨ ដូចជាវិញ្ញាសាអាគ័តឆ្លូង បុរស-នារី (ហែលទឹក ៥០០ ម៉ែត្រ + រត់ប្រណាំង ២,៥ គ.ម) វិញ្ញាសាឌូអាត្លុង បុរស-នារី (រត់ប្រណាំង ២ គ.ម + ប្រណាំងក់ង ៨គ.ម + រត់ប្រណាំង ១ គ.ម ) វិញ្ញាសាទ្រីយ៉ាត្លុង បុរស-នារី (ហែលទឹក៣០០ ម៉ែត្រ + ប្រណាំងកង់ ៨គ.ម + រត់ប្រណាំង ២គ.ម ) វិញ្ញាសាអាគ័តផ្លុង បុរស-នារី U14 (ហែលទឹក ១០០ ម៉ែត្រ +រត់ប្រណាំង ២ គ.ម )។
ចំពោះលទ្ធផល ក្លឹបកីឡាទីយ៉ាត្លុង SUSU គ្រងតំណែងជើងឯក ដោយដណ្តើមបានមេដាយមាសចំនួន ៣ និងមេដាយប្រាក់ ១ ខណៈលេខ២ បានទៅលើ ក្រុមប្រឹក្សាកីឡា ខភម ដណ្តើមបានមេដាយមាស២ មេដាយប្រាក់២ និងសំរិទ្ធ ៣ ចំណែកឯចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាសចំនួន១ មេដាយប្រាក់ ៣ និងសំរិទ្ធ ២។ ដូច្នេះក្លឹបទ្រីយ៉ាត្លុង SUSU ឈរនៅលេខ១ ក្នុងតារាងចំណាត់ថ្នាក់មេដាយការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ នេះ៕
