ភ្នំពេញ៖
នគរបាលប៉ុស្តិ៍ព្រៃស ឃាត់ខ្លួនចោរម្នាក់ ក្រោយពីជននេះ ធ្វើសកម្មភាពលួចរបស់ យុវជនម្នាក់ដែមជាជនជាតិរុស្ស៊ី បានសម្រេច រួចក៏បណ្ដើរតាមផ្លូវ ហើយជួបកម្លាំងនគរបាលខាងលើ កំពុងជិះម៉ូតូល្បាត ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០២និង១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ នៅចំណុចផ្ទះលេខA០១ ផ្លូវបេតុង ក្នុងបុរីធីវីស្ដារ ផ្លូវបេតុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យ០១នាក់ឈ្មោះ សុខ ទី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ មានទីលំនៅមិនពិតប្រាកដ ។ ចំណែកម្ចាស់ម៉ូតូឈ្មោះ ក្រូត អាទូ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិរុស្សី មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ ។
សមត្ថកិច្ច បានប្រាប់ថានៅវេលាយប់កើតហេតុ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស បានជិះម៉ូតូល្បាតក្នុងមូលដ្ឋាន លុះពេលមកដល់ចំណុចផ្លូវបេតុង បុរីធីវីស្តារ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ក៏បានឃើញជនសង្ស័យ បណ្ដើរម៉ូតូ០១គ្រឿងម៉ាកTODAY ពណ៌ខៀវ ពាក់ផ្លាកលេខសៀមរាប1AF-7578 ។
ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ច ក៏បានឃាត់ដើម្បីសួរនាំ ពេលនោះជនសង្ស័យ ឆ្លើយប្រាប់ថា ជាម៉ូតូដែលរូបខ្លួន បានធ្វើសកម្មភាពលួច ចេញពីចំណុចខាងលើ ហើយ នគរបាលក៏បាននាំខ្លួនទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្ដង ៕