ចលនាតស៊ូអ៊ីស្លាមហាម៉ាស បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី9 ខែតុលាថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា ជាមួយនឹងការធានាដកកងកម្លាំងអ៊ីស្រាអែលចេញ អនុញ្ញាតឲ្យមានការផ្តល់ជំនួយមនុស្សធម៌ និងការផ្លាស់ប្តូរចំណាប់ខ្មាំងអីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន។ សេចក្តីប្រកាសនេះធ្វើឡើង បន្ទាប់ពីកិច្ចចរចាដោយប្រយោលរយៈពេល 3 ថ្ងៃរវាងមន្ត្រីក្រុមហាម៉ាស់ និងអ៊ីស្រាអែល នៅប្រទេសអេហ្ស៊ីប ដើម្បីចរចាអំពីផែនការសន្តិភាពទាំង 20 ចំណុចដែលស្នើឡើងដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ។ នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមហាម៉ាស់បានសម្តែងការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ប្រទេសកាតា អេហ្ស៊ីប និងតួរគី ហើយក៏បានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី Trump សម្រាប់តួនាទីរបស់លោក ក្នុងការលើកកម្ពស់ឲ្យមានបទឈប់បាញ់ និងការដកកងទ័ពអ៊ីស្រាអែលចេញទាំងស្រុង។ ក្រុមហាម៉ាស់ ក៏បានអំពាវនាវឲ្យលោកប្រធានាធិបតី Trump និងប្រទេសពាក់ព័ន្ធ ជំរុញឲ្យអ៊ីស្រាអែលអនុវត្តតាមកិច្ចព្រមព្រៀងនេះទាំងស្រុង។