ភ្នំពេញ ៖
ប្រជាពលរដ្ឋទិញដីនិងផ្ទះបុរីឡេង ណាវ៉ាត្រា ប្រមាណជិត១០០នាក់ បានផ្ទុះការតវ៉ាបិទផ្លូវជាតិលេខ ៦-អា ដើម្បីទាមទារអោយលោកឧកញ៉ាឡេង ណាវ៉ាត្រា ពន្លឿនការសាងសង់ផ្ទះអោយពួកគាត់ និងសុំទាមទារប្រាក់ត្រឡប់មកវិញ។
ការតវ៉ានេះ ផ្ទុះឡើងសារជាថ្មីដោយពួកគេ បានជួបជុំប្រមូលផ្ដុំគ្នានៅទីតាំងបុរី ស្ថិតក្នុងភូមិ អន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល រួចធ្វើដំណើរមកប្រមូលផ្តុំ គ្នាបិទផ្លូវជាតិលេខ 6-A នៅវេលាម៉ោង០៨និង៥៥នាទីព្រឹក ថ្ងៃទី២៦ ខែតុលាឆ្នាំ ២០២៥ នៅចំណុចច្រកចូលបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ក្នុង ភូមិក្តីចាស់ សង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋ បានលើកបដា និង រូបថតសម្ដេចដើម្បីទាមទារឲ្យលោកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រគល់ផ្ទះឲ្យពួកគាត់ បើពុំនោះទេ ត្រូវប្រគល់លុយឲ្យពួកគាត់វិញ។
តាមព័ត៌មានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃទី២៦ខែតុលានេះ ប្រជាពលរដ្ឋដែលរងគ្រោះ ទិញដីនិងផ្ទះបុរីឡេង ណាវ៉ាត្រា បាននាំគ្នាជួបប្រមូលផ្ដុំតវ៉ាជាថ្មីនៅស្នាក់ការបុរី ដែល ស្ថិតនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។ បន្ទាប់ពីជួបប្រមូលផ្ដុំតវ៉ា ពួកគេ ក៏បានធ្វើដំណើរមកបិទផ្លូវជាតិដូច ៦-អា។ តាមប្រជាពលរដ្ឋរងគ្រោះ បានឲ្យដឹងថា ពួកគាត់ បាននាំគ្នាទិញផ្ទះនៅបុរី ឡេង ណាវ៉ាត្រា នេះ តាំងពីអំឡុងឆ្នាំ ២០១៩។
នៅក្នុងការទិញផ្ទះនិងវីឡានៅបុរីនេះ មានកិច្ចសន្យាត្រឹមត្រូវ ខ្លះបានបង់លុយគ្រប់ចំនួននិងខ្លះ បានបង់លុយតាមដំណាក់កាល។ តែរហូតមកដល់ពេលនេះ រយៈពេលជាង៥ឆ្នាំមកហើយ បុរី មិនបានសាងសង់ឲ្យរូបគាត់តាមកិច្ចសន្យានៅក្នុង១ឆ្នាំកន្លះឡើយ។ នៅក្នុងការតវ៉ានេះ ដោយទាមទារលក្ខខណ្ឌ៖
១-សូមឱ្យក្រុមហ៊ុនដោះស្រាយប្លង់ដីជូនពួកគាត់ឲ្យ បានឆាប់។
២-សូមឱ្យក្រុមហ៊ុនចាក់ដីបំពេញឲ្យពួកគាត់។
៣-សូមឱ្យក្រុមហ៊ុនសងលុយសំណងជូនពួកគាត់។
៤-សុំឲ្យពន្លឿនការសាងសង់ផ្ទះជូនពួកគាត់៕ម៉េង ធា
