ភ្នំពេញ៖ 

បុរសម្នាក់ដែលបានយកឈ្មោះលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ មកកាងក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី១០ ខែតុលាឆ្នាំ២០២៥ បានចូលខ្លួនមកបំភ្លឺនិងសុំទោសជាសាធារណៈកាលពីព្រឹកថ្ងៃទី១៣ ខែតុលាឆ្នាំ២០២៥ នៅអធិការដ្ឋានខណ្ឌសែនសុខ។ 

បុរសដែលស្ថិតនៅក្នុងស្ថានភាពស្រវឹងដែលយកឈ្មោះលោកអធិការ មកកាងនោះឈ្មោះ បាន វណ្ណា ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះ លេខ១៧២ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ 

នៅចំពោះមុខសមត្ថកិច្ចលោក បាន វណ្ណា បានធ្វើការបំភ្លឺឲ្យដឹងថា កាលពីយប់ថ្ងៃទី ១០ខែតុលា២០២៥ លោក បានចេញពីកម្មវិធីដោយមានគ្រឿងស្រវឹងហើយបង្កអោយប៉ះពាលដល់សណ្តាប់ធ្នាប់សង្គមនិងបង្កអោយមានការប៉ះទង្គិចគ្នាហើយក្នុងនោះ លោកបានស្រែករកឈ្មោះ ហួរ ម៉េងវ៉ាំង អធិការខណ្ឌសែនសុខ ទាំងដែលលោកមិនដែលស្គាល់និងជាសាច់ញាតិ ។ ការស្រែកហៅនោះ តាមរយៈនាមប័ណ្ណដើម្បីអោយប្រជាលពលរដ្ឋ បានដឹងបានស្គាល់ក្នុងអត្ថន័យថា បើសិនបញ្ហាកើតឡើងទាក់ទងមកលោកអធិការ ដោះស្រាយ ហើយ គោលបំណងដែលលោករកនោះ ដើម្បីឲ្យជួយដោះស្រាយបញ្ហាដែលបានកើតឡើងកាលពីយប់ថ្ងៃទី១០ ខែតុលានេះ ។ 

លោក បាន វណ្ណា ក៍បានសូមសុំអភ័យទោសដល់លោកអធិការ សូមលោកអធិការអធ្យាស្រ័យដែលបានយកឈ្មោះ លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង មកនិយាយនៅពេលមានគ្រោះថ្នាក់ចរាចរណ៍ទាំងរូបលោកមិនបានស្គាល់លោកសោះ។

គួរបញ្ជាក់ថ កាលពីយប់ថ្ងៃទី១០ខែតុលាឆ្នាំ ២០២៥ បុរសរូបនោះបានជួបគ្រោះថ្នាក់ចរាចរណ៍ហើយបានបើករត់ទាំងស្ថានភាពស្រវឹង។ ខណៈនោះប្រជាពលរដ្ឋរងគ្រោះរួមទាំងអ្នកដំណើរដែលឃើញហេតុការណ៍ជួយដេញតាមនិងប្ដឹងសមត្ថកិច្ចឃាត់រថយន្តដើម្បីដោះស្រាយ។ ដោយសារតែគ្រឿងស្រវឹង អ្នកបើកបររូបនោះ ក៏បានស្រែកនិង យកឈ្មោះអធិការខណ្ឌសែនសុខ មកកាងនិងបានគំរាមសមត្ថកិច្ចដែលចុះទៅសម្របសម្រួលគ្រោះថ្នាក់ចរាចរណ៍នោះ៕