បន្ទាប់ពីបញ្ចប់គម្រោងដើរថ្មើរជើងពីភ្នំពេញ ឆ្ពោះទៅខេត្តសៀមរាប ក្រោមប្រធានបទ “ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍” ដើម្បីរៃអង្គាសថវិកាជួយដល់ក្មេងដែលមានពិការភាពក្នុងមណ្ឌលដែលខ្វះខាត ដោយជោគជ័យក្នុងរយៈពេល ១៩ ថ្ងៃ កញ្ញា កុយ អេនណា ទទួលបានថវិការសរុបពីសប្បុរសជននៅទូទាំងប្រទេសប្រមាណជា ១២ ម៉ឺនដុល្លារ។ នៅមុននេះ កញ្ញាក៏បាននាំយកថវិការចំនួន ១៥ ០០០ ដុល្លារ ដែលជាថវិការមួយផ្នែកពីមូលនិធិខាងលើ បរិច្ចាគទៅកាន់ សមាគមតន្ត្រីសំនៀងជនពិការផងដែរ កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥ និងថែមទាំងបានយល់ព្រមស្ម័គ្រចិត្តធ្វើជាទូតសុឆន្ទៈ តាមការស្នើរសុំរបស់សមាគមមួយនេះថែមទៀតផង។

តារាសម្តែង និងបង្ហាញម៉ូត ដែលកំពុងទទួលបានប្រជាប្រិយភាពខ្ពស់លើកិច្ចការងារសង្គមរូបនេះ ក៏បានទទួលការអនុញ្ញាត ចូលជួបសំណេះសំណាល លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅទីស្តីការក្រសួងកិច្ចការនារី ក្រោមការដឹកនាំរបស់ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៥។ ជាមួយគ្នានេះ កញ្ញា កុយ អេនណា ថែមទាំងបានតែងតាំងជា ទូតសុឆន្ទៈថ្មីរបស់ ក្រសួងកិច្ចការនារី ពីសំណាក់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីផងដែរ។

ទន្ទឹមនឹងការទទួលបានតំណែងថ្មីនេះ កញ្ញា កុយ អេនណា បានបង្ហាញចំណាប់អារម្មណ៍នៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖ “នាងខ្ញុំមានមោទនភាពដែលត្រូវបានតែងតាំងក្នុងតំណែងជា ទូតសុឆន្ទៈថ្មីរបស់ក្រសួងកិច្ចការនារី ពីសំណាក់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដើម្បីចូលរួមលើកកម្ពស់តម្លៃនារី មិនថាជាក្មេងស្រី ឬស្ត្រីមានពិការភាព និងផ្សព្វផ្សាយភាពជាគំរូ ព្រមទាំងស្នាដៃរបស់ស្ត្រីដែលមានសក្តានុពលក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ”៕