ភ្នំពេញ៖
សពបុរសម្នាក់ដែលធ្លាក់ចូលទៅក្នុងប្រឡាយលូទឹកស្អុយកាលពីថ្ងៃទី១១ ខែតុលា២០២៥ ត្រូវបានរកឃើញហើយ ខណៈស្រ្តីជាគូរស្នេហ៍ ត្រូវបានប្រះឃើញអណ្តែតមុននៅប្រឡាយលូស្ទឹងមានជ័យ កាលពីវេលាម៉ោង២និង២៦នាទីរំលងអាធ្រាត្រ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។
សពជនរងគ្រោះមានឈ្មោះ វុទ្ធ សំណាង អាយុ៣៧ឆ្នាំ មុខរបរអ្នកចងការប្រាក់ ទីលំនៅ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ។ ចំណែកសាកសពជនរងគ្រោះ ដែលបាន អណ្តែត ត្រូវបានគេប្រទះឃើញមានឈ្មោះ សែម ស្រីអូន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ ទីលំនៅផ្ទះលេខ១១០ ផ្លូវលេខ៩២ ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៤ និង៣៥នាទីទៀបភ្លឺ ថ្ងៃទី១១ខែតុលា ឆ្នាំ២០២៥ ដោយមានបុរសនិងនារី២នាក់ជាគូរស្នេហ៍ បានឈប់រថយន្ត រួចនាំគ្នាដើទៅក្អួត ទាំងស្ថានភាពស្រវឹងស្រនិងមានភ្លៀងធ្លាក់ខ្លាំង ។
ខណៈខាងនារីដើរទៅក្អួតក្បែរមាត់ប្រឡាយមិនប្រយ័ត្ន ក៏រអិលជើងធ្លាក់ទៅក្នុងប្រឡាយ ។ ពេលនោះភាគីខាងបុរសលោតចុះទៅជួយ ក៏លង់ស្លាប់ទាំង២នាក់តែម្តង លុះមកដល់ ទី១២ ខែឆ្នាំដដែល វេលាម៉ោង២និង២៦នាទីទៀបភ្លឺ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ សពនារីអណ្តែតក្នុងប្រឡាយលូស្ទឹងមានជ័យ ក៏នាំគ្នារាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមករួចទាក់ទងទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯសពភាគីខាងបុរស រកមិនទាន់ឃើញ។
ប្រភព បានបន្តឲ្យដឹងទៀតថា នៅវេលាម៉ោងប្រមាណជា៣រសៀលថ្ងៃទី១៣ខែតុលា ឆ្នាំដដែល ក៏ក្រុមគ្រួសារខាងបុរសមកអុចធូបសែនដើម្បីឲ្យរកបុរសរងគ្រោះឆាប់ឃើញនិងមានកម្លាំងជំនាញ ៩១១ ចុះមកជួយរុករក តែរកមិនឃើញ។ ដោយក្រុមគ្រួសារនៅមិនអស់ចិត្តនៅវេលាម៉ោង ៦:៣០នាទីយប់ ក៏បានជួលក្រុមឥស្លាម តម្លៃ១៥០០ដុល្លាទើបបានរកសពបុរសរងគ្រោះ ឃើញក្នុងលូ ជាប់ជាមួយសំរាម ប្រហែលជាង៥០០ម៉ែត្រពី កន្លែងកើតហេតុ តែសព មានសភាពស្អុយរលួយហើម បាត់ទៅហើយ។
ក្រោយមក ក៏សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕
