ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការរៀបចំការប្រគួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងផ្ដល់ឱកាស និងលើកកម្ពស់ស្មារតី និងបច្ចេកទេសរបស់កីឡាករ-កីឡាការិនីអត្តពលកម្មដោយផ្តោតលើយុវជនសំដៅជំរុញឲ្យសមាគមក្រសួង មន្ទីរ និងក្លឹប កីឡាអត្តពលកម្ម ដែលជាសមាជិក ទាំងអស់មានឱកាសចូលរួម ដកស្រង់បទពិសោធន៍ បំផុស ផ្សព្វផ្សាយ និងប្រកួតបង្កើនគុណផល បច្ចេកទេស ឱ្យបានល្អប្រសើរ ត្រៀមលក្ខណៈចូលរួមប្រកួតកីឡាអត្តពលកម្មថ្នាក់តំបន់ និងពិភពលោកនាឆ្នាំបន្ទាប់ៗ។
ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានលើកឡើងក្នុងឱកាសបិទ ការប្រកួតកីឡា អត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ នៅហពុកីឡដ្ឋានជាតិអូឡាំពិក រៀបចំដោយ សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្តម អគ្គនាយកបានបន្តថា ការប្រកួតខាងលើកនេះត្រៀមចូលរួមការប្រកួតកីឡាសិស្ស និស្សិត អាស៊ាន ការប្រកួតកីឡាសាកលវិទ្យាល័យរដូវ ក្ដៅពិភពលោក ការប្រកួតជ្រើសរើសជើងឯកបើកទូលាយ និងការប្រកួតកីឡាអត្តពលកម្មជ្រើសរើស ជើងឯកថ្នាក់តំបន់ និងពិភពលោកនានា ពិសេស គឺបង្កើនគុណផលបច្ចេកទេសសម្រាប់ត្រៀមចូលរួមការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨ និងការប្រកួតកីឡាអាស៊ីនា ឆ្នាំ២០២៩ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ។
លើសពីនេះទៀត កីឡាអត្តពលកម្ម គឺជាប្រភេទកីឡាអាទិភាពមួយ មានវិញ្ញាសាច្រើនក្នុងការផ្តល់ឱកាសឲ្យក្រុមកីឡាករ-កីឡាការិនីអាចមានជម្រើសចាប់យកវិញ្ញាសាណាមួយទៅតាម ទេពកោសល្យដែលខ្លួនមាន និងស្រឡាញ់ចូលចិត្ត ដើម្បីហាត់ហ្វឹកហ្វឺនទទួលបានលទ្ធផលល្អប្រសើរ និងទទួលបានមេដាយច្រើន បើប្រៀបធៀបទៅនឹងប្រភេទកីឡាផ្សេងៗទៀត។ការរៀបចំប្រកួតលក្ខណៈជាហ្គេម ទាំងកម្រិត អាស៊ាន ទ្វីប និងពិភពលោក គឺភាគច្រើន ប្រភេទកីឡាអត្តពលកម្មត្រូវបានដាក់បញ្ចូលជាអាទិភាព និងមានអត្តពលិកច្រើនបានចុះឈ្មោះចូលរួមប្រកួតធ្វើឲ្យអត្តពលិកអត្តពលកម្មរបស់យើងមានឱកាសបានចូលរួមគ្រប់គ្នាក្នុងការដណ្ដើមយកបាននូវលទ្ធផលមេដាយពីការប្រកួតលក្ខណៈអន្តរជាតិ និងមានកិត្យានុភាពជាតិលើឆាកអន្តរជាតិផងដែរ។
