ប៉ៃលិន៖
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង ១២និង១០ នាទីថ្ងៃត្រង់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៥៧ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយរថយន្តមួយគ្រឿងបើកបុកម៉ូតូពីមុខ ខាងស្តាំពេញទំហឹង បណ្ដាលឱ្យសិស្សសាលាម្នាក់រងរបួសធ្ងន់ធ្ងរ បាក់ជើង និងបែកក្បាល ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើង ដោយជនជាតិចិនម្នាក់ ឈ្មោះ ហ្វាង ជីនឈាង ភេទប្រុសអាយុ២៩ឆ្នាំ ជាបុគ្គលិកនៅ រោងចក្រកែច្នៃផ្លែស្វាយ ស្ថិតនៅភូមិអូរអិល។ ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ជនបង្ក ត្រូវបានគេសង្ស័យថា បានបើកបររថយន្តក្នុងស្ថានភាពស្រវឹងស្រា មុននឹងបើកបរបុកពេញ ទំហឹងទៅលើជនរងគ្រោះដែលកំពុងបើកបរម៉ូតូតាមបណ្តោយដងផ្លូវជាតិ ក្នុងទិសដៅ ច្រាសគ្នា។
ប្រភពបានបន្តទៀតថា ជនរងគ្រោះមានឈ្មោះ ដារា ពេជ្រ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ ក្រោយពេលកើតហេតុ ជនរង គ្រោះ ត្រូវបានក្រុមគ្រូពេទ្យ និងអាជ្ញាធរ បញ្ជូនជាបន្ទាន់ទៅព្យាបាលនៅ មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង។
សមត្ថកិច្ច បានបញ្ជាក់ថា រថយន្ត និងម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរា ចរណ៍ខេត្តប៉ៃលិន ដើម្បីបន្តនីតិវិធី។ ចំណែកឯជនបង្កជាជនជាតិចិន ត្រូវបានឃាត់ខ្លួន និងកំពុងត្រូវបានស៊ើបអង្កេតកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
