ភ្នំពេញ៖

ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌសែនសុខនិងស្រុកអង្គស្នួលស្រាវជ្រាវ ហើយ ឈានទៅឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះយកគ្រឿងអលង្ការនៅក្នុង មូលដ្ឋានខណ្ឌសែនសុខ ហើយ គេចខ្លួនបានតែ ៤ថ្ងៃ។ 

ជនសង្ស័យរូបនោះឈ្មោះ សីន ចន្ថា ភេទប្រុស អាយុ២៤ឆ្នាំ។ ចំណែកជនរងគ្រោះ១ -ឈ្មោះ ត្រោក រស្មី ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅ នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

លោកវរៈសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃ ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាកាលពីថ្ងៃទី០៧ ខែតុលាឆ្នាំ២០២៥ វេលាម៉ោង០៩និង៤០នាទី មានករណី លួចមានស្ថានទម្ងន់ទោស(គាស់ទម្លុះ ទម្លាយលួច លុយ និងគ្រឿងអលង្ការ)នៅចំណុចផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បន្ទាប់ពីធ្វើសកម្មភាពបានសម្រេច  ជនសង្ស័យ បានគេចខ្លួន ហើយ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចមូលដ្ឋាន។ 

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ និងបញ្ជារផ្ទាល់ដោយឧត្តសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ, កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានសហការជាមួយអធិការនគរបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវ ហើយ ឈានទៅសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួលនៃស្នងការដ្ថាន នគបាលខេត្តកណ្តាល  ហើយ ឈានទៅឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង១៧និង ២០ នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នៅចំណុចស្តុបកែងផ្សារបែកចាន ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ច ក៏បានដកហូតគ្រឿងអលង្ការនិងប្រាក់មួយចំនួនផងដែរ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចពុំបានឲ្យដឹងពីចំនួនគ្រឿងអលង្ការនិងប្រាក់ដែលត្រូវជន សង្ស័យគាស់លួចយកនោះឡើយ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិត ស្រាលរាជធានីភ្នំពេញ នាំខ្លួនមកសាកសួរនិងចាត់ការតាមនីតិវិធី ៕