ភ្នំពេញ៖

បុរសម្នាក់ សង្ស័យមានជម្ងឺផ្លូវចិត្ត បានបំរុងលោតពីលើផ្ទះជាន់ទី៣ សម្លាប់ខ្លួន តែត្រូវបានសមត្ថកិច្ច និងញាតិមិត្ត ជួយនិងលួងលោម បានមកវិញ  ។ 

 ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ ចំនុចផ្ទះវីងយីហោ ងួន វួចនា ស្ថិតតាមបណ្ដោយ ផ្លូវ២៨៨កែងផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានអោយដឹងថាមុនពេលកើតហេតុ គេមិនដឹងថា បុរសខាងលើ មានរឿង ឬ វិបត្តិអ្វីនោះទេ បានឡើងលើផ្ទះជាន់ទី៣ និងបានអង្គុយមកលើសំយាបផ្ទះ បំរុងលោត មកក្រោម។ 

ករណីនេះ ដោយសារឃើញហេតុការណ៍បែបនេះ ក៏មានបងប្អូនប្រជាពលរដ្ឋ បានរាយ ការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះទៅកន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ និយាយលួងលោម ក៏ដូចជាមានញាតិមិត្តភក្តិ មកជួយនិយាយលួងលោម មួយសន្ទុះ បុរសរូបនោះ ក៏បានយល់ព្រម ចូលទៅក្នុងផ្ទះវិញតែម្តងទៅ  ។ 

បើតាមប្រភពពីអ្នកជិតខាង ថាបុរសខាងលើ ខំរៀនពេក រហូតដល់ប៉ះពាល់សតិអារម្មណ៍ ចំនែកក្រុមគ្រួសារវិញ មិនបានផ្តល់ព័ត៌មានអ្វីនោះទេ  ៕