ភ្នំពេញ៖
បុរសពុំស្គាល់អត្តសញ្ញាណម្នាក់ បានរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង ខណៈគាត់ដើរឆ្លងផ្លូវជាតិលេខ៣ ស្រាប់តែមានរថយន្តម៉ាកកាមរីបាឡែន១គ្រឿងបើកបរលឿនទៅដល់បុកពេញទំហឹង ។
ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣៥នាទីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋ បាននិយាយថានៅមុនពេលកើតហេតុ បុរសរងគ្រោះខាងលើបានដើរឆ្លងផ្លូវជាតិលេខ៣ ក្នុងទិសដៅពីកើតទៅលិច។ ខណៈនោះ ក៏មានរថយន្តម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AD-0826 បើកបរដោយបុរសពុំស្គាល់អត្តសញ្ញាណម្នាក់ ក្នុងធ្វើដំណើរក្នុងទិដៅពីជើងទៅត្បូងទៅដល់ បុកពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះរូបនោះខ្ទាតប៉ើងបោកផ្ទប់ជាមួយកញ្ចក់មុខរថយន្ត រងរបួសធ្ងន់ធ្ងរតែម្ដង ។
ប្រជាពលរដ្ឋ បាននិយាយទៀតថា ភ្លាមៗនោះ រថយន្ត បានឈប់នៅជិតនោះមិនបានបើករត់ឡើយ បន្ទាប់មក ក្រុមសង្រ្គោះអង្គភាព៧១១ ដែលស្ថិតនៅជិតនោះស្រាប់ បានចេញរថយន្តដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យសង្រ្គោះបន្ទាន់ ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅនាំយករថយន្តទៅរក្សាទុក រង់ចាំប្រគល់ទៅឲ្យនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តទៀត ៕
