កណ្តាល ៖

ជនរងគ្រោះ០២នាក់ ម្នាក់ស្លាប់ ម្នាក់ទៀត រងរបួសធ្ងន់ ខណ:ជិះម៉ូតូឌុបគ្នា បានរេ ដៃចង្កូតមកឆ្វេង ទៅបុករថយន្តមួយគ្រឿងបើកបរបញ្ច្រាសទិសគ្នា  ហើយ តៃកុង បានរត់គេចខ្លួន បន្សល់ទុករថយន្តនៅទីតាំងកើតហេតុ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ០១និង៣០នាទី អាធ្រាតឆ្លងចូលថ្ងៃទី១៩ខែតុលាឆ្នាំ២០២៥ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ 21 ស្ថិតក្នុងភូមិព្រែកអុងប៉ាង ឃុំទឹកវឹល ស្រុកស្អាង ខេត្តកណ្តាល ។ 

លោកវរៈសេនីយ៍ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាង បានប្រាប់ឲ្យដឹងថា÷ជនរងគ្រោះម្នាក់បានស្លាប់នៅនិងទីតាំងកើតហេតុ មានឈ្មោះ លាង សុខ ភេទប្រុស អាយុ៤១ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកHONDA DreamC125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FT-5290 មុខរបរកម្មករ មានទីលំនៅ ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានអ្នករួមដំណើម្នាក់ ភេទប្រុសមិនស្គាល់អត្តសញ្ញាណ (រងរបួស ធ្ងន់) ដោយម៉ូតូបើកបរក្នុងទិសដៅពីត្បូងទៅជើង (កោះធំ -តាខ្មៅ) ។

ពេលបើកបរមកដល់ចំណុចកើតហេតុ ក៏បានរេដៃចង្កូតទៅចូលចំនែកផ្លូវខាងឆ្វេង ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BP-3994 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានចុះរត់គេច មុនសមត្ថកិច្ចទៅដល់  បើកបរក្នុងទិសដៅពីជើងទៅត្បូង តាខ្មៅ-កោះធំ (បញ្ច្រាស់ទិសគ្នា)។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យ វាស់វែងនិងបានយក មធ្យោបាយទាំងសងខាង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។ ចំពោះអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្អាង។ រីឯសពជនរងគ្រោះ សមត្ថកិច្ចក៏អំពាវនាវ រកសាច់ញាតិ ដើម្បីមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី។  តាមការសន្និដ្ឋានបឋម : ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូHONDA Dream បើកបរមានការធ្វេសប្រហែស ដែលរេចង្កូតទៅចំនែកផ្លូវ នៃយានម្ខាងទៀត បញ្ច្រាសទិសគ្នា  ទើបបណ្ដាលអោយគ្រោះ ថ្នាក់ចរាចរណ៍កើតឡើង ៕