ភ្នំពេញ៖ 

ទីតាំង«អគារពេជ្រលើមេឃ» នៅក្បែរស្ពានហង្សកោះពេជ្រ ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ ចុះឡោមព័ទ្ធ បង្ក្រាបគ្រឿងញៀន ដោយឃាត់ខ្លួនជនជាតិចិន វៀតណាមនិងខ្មែរ ប្រមាណជាង ៣០០នាក់ព្រមទាំងដកហូតបានគ្រឿងញៀនប្រភេទកេតាមីនជាច្រើន។ 

 ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងកាលពីវេលាម៉ោង១២និ៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥រហូតដល់ព្រឹកនៅនៅអាគារ«ពេជ្រលើមេឃ» ស្ថិតតាមបណ្ដោយផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

តាមព័ត៌មានឲ្យដឹងទៀតថា បន្ទាប់ពីមានការស្រាវជ្រាវពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃអស់រយៈពេលជាយូរ សមត្ថកិច្ច ក៏សង្ស័យថាទីតាំងខាងលើជាកន្លែងជួញដូរ ចែកចាយនិងប្រើប្រាស់គ្រឿងញៀន ហើយ សមត្ថកិច្ចក៏បានចុះឡោមព័ទ្ធនិងឆែកឆេតាំងពីវេលារំលងអធ្រាត្ររហូតដល់វេលាម៉ោងប្រមាណជាង  ព្រឹកទើបចប់ប្រតិបត្តិការ។ 

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងក្រសួងមហាផ្ទៃដែលដឹកនាំក្នុងប្រតិបត្តិការនេះ បានឲ្យដឹងថាការចុះឡោមព័ទ្ធចែកឆេរអគារអគារយីហោ «ពេជ្រលើមេឃ»នេះ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បាននាំខ្លួនជនសង្ស័យប្រុសស្រីមិនក្រោម៣០០ នាក់នោះទេ នៅក្នុងនោះ មានជនជាតិចិន ជនជាតិវៀតណាមនិងជនជាតិខ្មែរ ព្រមទាំងដកហូតគ្រឿងញៀនប្រភេទកេតាមីនជាច្រើនផងដែរ។ ទោះបីជាយ៉ាងណា គេពុំទាន់ដឹងពីចំនួនជនសង្ស័យនិងប្រភេទគ្រឿងញៀន ប្រាកដឡើយ។ 

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត បានបញ្ជាក់ដែរថាទីតាំងខាងលើមើលពីក្រៅដូចជាការដ្ឋានដែលកំពុងតែសាងសង់ដើម្បីបន្លំភ្នែក តែនៅខាងក្នុងស្អាតមិនធម្មតា។ ជនសង្ស័យជនសង្ស័យប្រុសស្រីចម្រុះជាតិសាសន៍ទាំងនោះ ត្រូវបានសមត្ថកិច្ចបញ្ជូនតាមរថយន្តក្រុងទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕