កណ្តាល៖
ខ្ទឹមរបស់ប្រជាកសិករខំដាំថែទាំល្មមដល់ពេលប្រមូលផល ត្រូវជនសង្ស័យ ០២នាក់ចូលទៅលួចដកទាំងកណ្តាលយប់ ក្នុងចំការរហូត០២បាវ ដឹកតាមម៉ូតូ ក៏ជួបនិង កម្លាំងល្បាតរបស់សមត្ថកិច្ច ឃាត់ខ្លួនវាយខ្នោះ ដែលហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២៣និង៥០នាទីអាធ្រាតថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៦ នៅចំណុច ភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាង បានប្រាប់អោយដឹងថា÷ ជនរងគ្រោះជាម្ចាស់ដំណាំខ្ទឹមមានឈ្មោះ ត្រាយ សុខកែវ ភេទប្រុស អាយុ ៥៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុ ។
ចំនែកជនសង្ស័យមានគ្នីគ្នាចំនួន ០២ នាក់ត្រូវបានឃាត់ខ្លួន៖ ១-ឈ្មោះ ហ៊ត ចំរើន ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាវ៉ា ឃុំទឹកវិល ស្រុកស្អាង
២-ឈ្មោះ គីម រដ្ឋ ភេទប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ដែលជនសង្ស័យទាំង០២នាក់ គ្មានមុខរបរពិតប្រាកដ និងវិជ្ជមានសារធាតុញៀន ។
ចំពោះវត្ថុតាងចាប់យក៖ ម៉ូតូចំនួន ០១ គ្រឿងម៉ាកគុបជ្រុង C90 ពណ៌ទឹកប៉ិចគ្មានលេខ, ខ្ទឹមសន្លឹកចំនួន ០២ បាវ។
លោកអធិការ បន្តទៀតថា÷ជនសង្ស័យទាំង០២ ជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំ ហើយ តែងតែលួចផលដំណាំរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ព្រែកតាជ្រូក ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ជាញឹកញាប់។
នៅវេលាកើតហេតុ ជនសង្ស័យទាំង០២នាក់ បានធ្វើសកម្មលួចខ្ទឹមស្លឹករបស់ជនរងគ្រោះបានចំនួន០២បាវរួចហើយ ក៏បានជិះម៉ូតូដឹកនិងឌុបគ្នាចេញមកតាមផ្លូវបេតុង។
ខណ: ពេលនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ សហការជាមួយកម្លាំងប្រជា ការពារឃុំ បានជិះម៉ូតូល្បាតក៏បានប្រទះឃើញជនសង្ស័យ ជិះម៉ូតូដឹកខ្ទឹមស្លឹកចំនួន០២ បាវ ផង ឌុបគ្នាផង ( ស្លឹកខ្ទឹមពេលប្រមូលផលច្រកបាវ អ្នកចំការមិនអោយមនុស្ស ជិះពីលើបាវខ្ទឹមទេ វាស្លោកខូច) ក៏មានការសង្ស័យ ហៅឃាត់សួរនាំ និងក៏បាននាំខ្លួនជនសង្ស័យទាំង០២នាក់ រួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ ដើម្បីធ្វើ ការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០២នាក់ បានសារភាពថាពួកខ្លួនពិតជាបានជិះ ម៉ូតូទៅធ្វើសកម្មភាពលួចខ្ទឹមស្លឹករបស់ជនរងគ្រោះ ចំនួន ០២ បាវពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតីវិធី៕
