ភ្នំពេញ ៖
អតីតឧត្តមសេនីយ៍ត្រី ឈឹម ឆែម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដិការ ឃុំខ្លួនពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានប្រាប់បណ្តាញសង្គមថា សំណុំរឿងអតីត ឧត្តមសេនីយ៍ត្រី ឈឹម ឆែម ពាក់ព័ន្ធនឹងករណីបង្កគ្រោះថ្នាក់ចរាចរណ៍ និងប្រើអំពើហិង្សា លើស្ត្រីម្នាក់បណ្តាលឲ្យមានរបួស តំណាងអយ្យការបើកការស៊ើបសួររួចរាល់ហើយ ដោយបានធ្វើការចោទប្រកាន់ជាផ្លូវការពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។
ក្រោយពីបញ្ចប់ការស៊ើបសួរសំណុំរឿងខាងលើនោះ តំណាងអយ្យការបានចាត់បញ្ជូនទៅ ចៅក្រម ដើម្បីសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំ បើកសវនាការជំនុំជម្រះទោសលើអង្គហេតុទាំងមូល ។
យោងតាមការចោទប្រកាន់លើបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មាត្រា ២១៨ ៖ អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យ ជាប្រាក់ពី ៤លានទៅ ១០លានរៀល ។
គួបញ្ជាក់ថាលោកឧត្ដមសេនីយ៍ត្រី ឈឹម ឆែម នាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជ អាវុធហត្ថភ្នំជុំសែនរីករាយត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខសហការជាមួយកងរាជ អាវុធហត្ថឃាត់ខ្លួនកាលពីវេលា៨និង៣០នាទី ព្រឹកថ្ងៃទី២៣ខែតុលាឆ្នាំ២០២៥ បន្ទាប់ពី រូបលោកជិះរថយន្តម៉ាកឡង់គីស័រពាក់ស្លាកលេខរដ្ឋ០៦.២.៨៦៨៨បង្កគ្រោះថ្នាក់ហើយដកកាំភ្លើងវាយទៅលើស្ត្រីម្នាក់បណ្ដាលឲ្យបែកក្បាលកាលពីវេលាម៉ោង៩យប់ថ្ងៃទី២២ ខែតុលាឆ្នាំ ២០២៥ នៅតាមផ្លូវបេតុងក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខរាជធានី ភ្នំពេញ។
បន្ទាប់ពីឃាត់ខ្លួនត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេសសម្រេចស្នើសុំឱ្យផ្អាក មុខតំណែងនិងបញ្ជូនសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។ ទីបំផុតឧត្ដមសេនីយ៍ត្រី ឈឹម ឆែម ត្រូវចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឲ្យ ឃុំខ្លួនដាក់ ពន្ធនាគារបណ្តោះអាសន្ន ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ៕
