ភ្នំពេញ៖ក្លិបទាំងអស់ ក្នុងលីគកំពូលកម្ពុជា អាចចុះឈ្មោះកីឡាករអន្ដរជាតិ ចំនួន៦នាក់។ កូតាកីឡាករអន្ដរជាតិ ៦នាក់នោះ បានជំរុញឲ្យការប្រកួតលីគកាន់តែជក់ចិត្ត ដោយសារតែទម្រង់លេងរបស់ក្លិបនីមួយៗ សុទ្ធតែខ្លាំង។ ដោយឡែក កីឡាករជាតិមួយចំនួន ត្រូវបានកាត់បន្ថយឱកាសក្នុងការលេង ឬក៏មិនត្រូវបានជាប់ជម្រើស ១១នាក់ដំបូង។ លោក ភា សុភ័ក្ដ្រា គ្រូបង្វឹកកងយោពលខេមរភូមិន្ទ បាននិយាយថា កីឡាករ ត្រូវប្រឹងអភិវឌ្ឍខ្លួន បើទោះជាឱកាសបង្ហាញខ្លួននៅលើទីលានតិចក្ដី ពោលត្រូវលេងឲ្យអស់ពីសមត្ថភាព និងត្រូវប្រើបច្ចេកទេសឲ្យបានល្អ។


    រយៈពេលជាង ៣រដូវកាលចុងក្រោយ នៃលីគកំពូលកម្ពុជា គ្រប់ការប្រកួតទាំងអស់រវាងក្រុមនីមួយៗ កាន់តែស្វិតស្វាញ។ ទាំងកីឡាករជាតិ និងកីឡាករអន្ដរជាតិ បានបង្ហាញពីកម្រិត និងបច្ចេកទេសល្អរៀងៗខ្លួន។ ដោយឡែក កីឡាជាតិមួយចំនួន បាត់បង់ឱកាសលេង ឬក៏មានពេលលេងតិចតួចប៉ុណ្ណោះ។ កីឡាករតាមក្លិបនីមួយៗ ក៏ត្រូវតែប្រកួតប្រជែង បង្ហាញសមត្ថភាពរបស់ខ្លួន ដើម្បីប្រជែងយកកៅអី ១១នាក់ដំបូង។ បើមិនប្រឹងអភិវឌ្ឍខ្លួនទេ អ្នកទាំងនោះ នឹងស្ថិតនៅកៅអីបម្រុងជាមិនខាន។


     លោក ភា សុភ័ក្ដ្រា បានប្រាប់មាន៤ចំណុច ដែលអាចជួយឲ្យកីឡាករស្ថិតនៅកៅអី ១១នាក់ដំបូង។ ចំណុចទី១ គឺស្មារតីរឹងមាំ និងមិនបាក់ទឹកចិត្ត បើទោះជាប្រកួតខ្លះចាញ់ ឬក៏ប្រកួតខ្លះ កីឡាកររូបនោះ នៅកៅអីបម្រុង និងមិនមានឱកាសចូលលេងក៏ដោយ។ គ្រូបង្វឹករូបនេះ យល់ថាកត្ដាសំខាន់បំផុតនោះ គឺការរក្សាកម្លាំងចិត្ត ហើយប្រឹងអភិវឌ្ឍខ្លួនឯង។

 រីឯចំណុចទី២ គឺរក្សាផ្នត់គំនិត នៃការប្រកួតប្រជែង។ ការជាប់ជម្រើស ១១នាក់ដំបូង គឺជារឿងពិបាក នៅពេល ដែលមានកីឡាករមិត្តរួមក្រុមផ្សេងទៀត មានសមត្ថភាពខ្លាំងជាងខ្លួន។ ការប្រកួតប្រជែងនេះ មិនមែនសម្រាប់ការឈ្នះគ្នាឯងក្នុងក្រុម ប៉ុន្ដែគឺការប្រឹងប្រែងដើម្បីជោគជ័យក្រុម លទ្ធផលជ័យជម្នះរួមគ្នា។

ចំណែកចំណុចទី៣ កីឡាករ ត្រូវអភិវឌ្ឍបច្ចេកទេស និងយល់ច្បាស់ពីរបៀបលេង។ កីឡាករ ត្រូវតែយល់ច្បាស់ពីរបៀបនៃការលេងជាក្រុម និងផែនការរបស់គ្រូបង្វឹក ដែលបានដាក់ឲ្យ។

ចំណុចទី៤ ទោះជាមានពេលតិចក្នុងការបង្ហាញខ្លួនលើទីលានក៏ដោយ កីឡាករ ត្រូវប្រឹងលេង និងបង្ហាញទម្រង់លេងឲ្យបានល្អ ជាពិសេសកុំបង្កើតជាកំហុស ឬក៏ចំណុចខ្វះខាត ដែលអាចទាញឲ្យក្រុមទាំងមូលចាញ់ក្នុងការប្រកួតឡើយ។

ដោយឡែក ក្រុមកងយោធពលខេមរភូមិន្ទ នឹងត្រូវប្រកួតជាមួយព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី១៩ តុលា នៅកីឡដ្ឋានស្ដាតចាស់។ ព្រះខ័នរាជស្វាយរៀង ជាក្រុម ដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ១ នៅលីគ ខណៈកងយោធពលខេមរភូមិន្ទ នៅចំណាត់ថ្នាក់លេខ៦ និងជាក្រុមមិនទាន់ចាញ់សោះ ក្នុងលីគនារដូវកាលនេះ។

ថ្វីត្បិតមិនធ្លាប់ចាញ់ ក្រុមកងយោធពលខេមរភូមិន្ទ ស្មើ៤ប្រកួត។ លោក ភា សុភ័ក្ដ្រា យល់ថា ការប្រកួតស្មើច្រើនពេក នឹងមិនល្អឡើយសម្រាប់ក្រុម។ ម្យ៉ាងវិញទៀត គ្រូបង្វឹករូបនេះ យល់ថាក្រុមខ្លួន បានបាត់បង់ឱកាសរកពិន្ទុបន្ថែម។

លោក ភា សុភ័ក្ដ្រា នឹងយកបទពិសោធន៍ប្រកួតស្មើ និងឈ្នះជាមួយក្រុមខ្លាំង ដើម្បីកែតម្រូវ មុនពេលជួបព្រះខ័នរាជស្វាយរៀង។

លោក ភា សុភ័ក្ដ្រា បានបន្ថែមថា នៅក្នុងលីគរបស់យើង នឹងត្រូវជួបគ្រប់គូប្រកួត តែសម្រាប់ ២រដូវកាលចុងក្រោយនេះ ពិសេសរដូវនេះ ស្វាយរៀងជាក្រុមដែលមានប្រៀបជាងគេគ្រប់បែបយ៉ាង។ ហេតុនេះ យើងនិងប្រមូលយកការកែតម្រូវជាច្រើន នៃរបៀបការពារ ដែលយើងបានលេងកន្លងមកជាមួយវិសាខា ណាហ្គា ក្រោន និងបឹងកេត ដើម្បីត្រៀមតតាំងជាមួយក្រុមស្វាយរៀង ហើយនិងបន្ថែមការហ្វឹកហាត់ពីស្ថានភាពវាយបករបស់យើងបន្ទាប់ពីឈ្នះបាល់។