បាត់ដំបង៖
ស្ត្រីម្នាក់រងរបួសបាក់ជើងម្ខាងខណៈកំពុងជិះម៉ូតូដឹកកូនស្រីសិស្សសាលាម្នាក់ឆ្លងផ្លូវនៅវេលាម៉ោង០៧និង១០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ នៅចំណុចផ្លូវបំបែកហាយវេ(បាហៃ) ស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AA-6649 បើកបរដោយឈ្មោះ ស៊ុន លេន ភេទស្រី អាយុ៦០ឆ្នាំ និងអ្នករួមដំណើរឈ្មោះ លីកា ភេទស្រី អាយុ៩ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ទិសដៅពីត្បូងទៅជើង(ឆ្លងផ្លូវ)។ ចំណែករថយន្តម៉ាក TOYOTA SIENNA ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AD-0034 បើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើត បានជ្រុលទៅបុកពេញទំហឹងបណ្តាលអោយស្ត្រីអ្នកបើកបរម៉ូតូម្នាក់រងរបួសបាក់ជើងម្ខាង ចំណែកក្មេងស្រីសិស្សសាលារងរបួសបន្តិចបន្តួចផងដែរ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញផ្នែកចរាចរណ៍បានចុះមកវាស់វែងធ្វើកំណត់ហេតុយកមធ្យោបាយទាំងពីរទៅរក្សាទុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកជនគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ៕
