ខេត្តកំពត៖ 

ទារកម្នាក់ត្រូវបានប្រទះឃើញគេយកមកប្លុងចោលនៅមុខផ្ទះប្រជាពលរដ្ឋម្នាក់ កាលពីវេលាម៉ោង ៤:០០ ទៀបភ្លឺ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិព្រៃធំ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា ពួកគេបានភ្ញាក់ផ្អើល និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានភ្លាមៗ បន្ទាប់ពីប្រទះឃើញទារកនោះ ដែលគេសង្ស័យថាជាទារកទើបនឹងកើត ត្រូវបានគេយកមកដាក់ចោលយ៉ាងអសោចនៅទីសាធារណៈ។

បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុ និងបាននាំយកទារកនោះទៅថែរក្សា និងពិនិត្យសុខភាពជាបឋម ដើម្បីធានាសុវត្ថិភាព និងស្វែងរកដំណោះស្រាយសមស្រប។ សមត្ថកិច្ចកំពុងបន្តធ្វើការស៊ើបអង្កេត និងស្វែងរកឪពុកម្តាយ ឬអ្នកពាក់ព័ន្ធដែលបានយកទារកនេះមកប្លុងចោល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានធ្វើឱ្យសាធារណជនសម្តែងការអាណិតអាសូរចំពោះជោគវាសនារបស់ទារកតូចនេះ៕