ភ្នំពេញ ៖
ជនជាតិចិន បានបើករថយន្តម៉ាក DOGNFENG សេរីទំនើប ជ្រុលទៅបុកនិង ម៉ូតូ សង់កូរ៉េ ដែលជិះដោយឪពុកកូន២នាក់ ពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យ បុរស ជាឪពុក បោកក្បាលស្លាប់ ចំនែកកូនប្រុស វ័យប្រហែល៥ឆ្នាំ រងរបួសធ្ងន់។
ហេតុការណ៍នេះ បានកើតឡើង នៅ វេលា ១១និង ៣០នាទី យប់ ថ្ងៃ ទី ១៣ខែ តុលា ឆ្នាំ ២០២៥ ជិត ស្ពាន កំពង់ ទួល ផ្លូវ ជាតិ លេខ ៣ ភូមិ ក្រាំង ពង្រ សង្កាត់ ក្រាំង ពង្រ ខណ្ឌដង្កោ រាជធានី ភ្នំពេញ។ ចំពោះជនរងគ្រោះនិង អ្នកបើកបរ មិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ ។
តាមប្រភព ពីកន្លែងកើត ហេតុ បានអោយដឹងថាមុនពេលកើតហេតុ គេបានឃើញ ឪពុកកូនពីរនាក់ បានជិះ ម៉ូតូម៉ាកសង់កូរ៉េ ពណ៌ ក្រហម ធ្វើដំណើរតាមបណ្ដោយផ្លូវ ជាតិលេខ ៣ ទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ ក៍ស្រាប់តែបុរស ជនជាតិចិន២នាក់ រួមទាំងអ្នកបើកបរ បានបើករថយន្តម៉ាក DOGNFENG AEOLUS HUGE សេរី ឆ្នាំ២០២៣ ពាក់ស្លាកលេខកម្ពុជា G.T.3188 បានបើកធ្វើដំណើរក្នុង ទិសដៅស្របគ្នាលឿន ក៍ជ្រុលទៅបុកនិងម៉ូតូរងគ្រោះពីក្រោយ ទាំងកំរោល បណ្ដាលឲ្យ អូស និង មនុស្សជាច្រើនម៉ែត្រ ដែលធ្វើឲ្យបុរសជាឪពុក បោកក្បាលហូរឈាមស្លាប់ យ៉ាងអាណោចអាធ័មនៅកណ្ដាលផ្លូវ ។ ចំនែកកូនប្រុសវ័យ ប្រហែល៥ឆ្នាំ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុក កណ្ដាលស្ទឹង ផងដែរ។
ដោយឡែក ខាងរថយន្ត រងការខូចខាតផ្នែកខាងមុខ គាបជាប់ម៉ូតូ ឈរឆ្កឹង តែមិនមាន គ្រោះថ្នាក់មនុស្ស គ្រាន់តែអ្នក បើកប ត្រូវសមត្ថកិច្ច ឃាត់ខ្លួនយកទៅប៉ុស្តិ៍រង់ចាំ ប្រគល់ អោយផ្នែកជំនាញចរាចរណ៍ ធ្វើការបន្ត ។
ករណីនេះផងដែរ ដោយសារស្វែងរកសាច់ញាតិ មិនទាន់បាន សមត្ថកិច្ចសម្រេចអោយ រថយន្តសាមុយ របស់មន្ទីរពេទ្យបង្អែកដង្កោ ដឹកយកទៅរក្សាទុកដើម្បីស្រាវជ្រាវ រកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំនែកមធ្យោបាយ រួមទាំងអ្នកបើកបរ ត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ វាស់វែងយកទៅ រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕
