ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា មានប្រសាសន៍ថា ការទទួលបានមេដាយសំរឹទ្ធ និងមេដាយប្រាក់ជាបន្តបន្ទាប់ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន នាពេលនេះ គឺជាកំណត់ត្រាថ្មីរបស់កម្ពុជា។ កំណត់ត្រាថ្មី ព្រោះការចូលរួមព្រឹត្តិការណ៍នេះកាលពី២លើកមុន កម្ពុជាពុំធ្លាប់បានឈ្នះមេដាយម្ដងណាទេ។
ឯកឧត្ដមរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍បែបនេះថា ៖ គិតត្រឹមពេលនេះយើងបានមេដាយប្រាក់២គ្រឿង និងសំរឹទ្ធ២គ្រឿង ឈរនៅលេខរៀងទី២៤ ក្នុងចំណោម៤៥ប្រទេស យើងនឹងរង់ចាំមើលការប្រកួតកីឡាផ្សេងៗទៀតរបស់កម្ពុជា។ ដូច្នេះនេះជាកំណត់ត្រាប្រវត្តិសាស្តថ្មីដែលកម្ពុជាអាចដណ្ដើមបានមេដាយក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ដោយសារតែការចូលរួម២លើកកន្លងមក កម្ពុជាធ្លាប់បានឈ្នះមេដាយទេ។
ទាក់ទងទៅនឹងការចូលរួមព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣នេះដែរ ឯកឧត្ដម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា កម្ពុជារក្សាបាននូវសេចក្ដីថ្លៃថ្នូរ និងស្មារតីកីឡា មិត្តភាព សាមគ្គីភាព ហើយម្ចាស់ផ្ទះបារ៉ែនក៏បានទទួលបានយ៉ាងល្អ ទោះបីពួកគេទើបចូលខ្លួនទទួលយកភារៈជាអ្នករៀបចំព្រឹត្តិការណ៍ដ៏ធំនេះត្រឹមរយៈពេល៨ខែ ព្រោះត្រូវចូលខ្លួនជំនួសប្រទេសអ៊ូបេគីស្ថាន។
ឯកឧត្ដម វ៉ាត់ ចំរើន ក៏បានអំពាវនាវជនរួមជាតិបន្តការគាំទ្រលើកទឹកចិត្តដល់អត្តពលិកកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី និងអរគុណដល់ការចូលរួមជួយឧបត្ថម្ភដល់អត្តពលិកពីសំណាក់បណ្ដាដៃគូជាពិសេសក្រុមហ៊ុនវឌ្ឍនៈសម្រាប់ការឧបត្ថម្ភលើកទឹកចិត្តដល់អត្តពលិកកម្ពុជាដែលដណ្ដើមបានមេដាយ៕
