ក្រុមបាតុករចមុ្រះវ័យ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅតាមទីក្រុងធំៗជាច្រើនក្នុងសហរដ្ឋអាមេរិក ដោយបរិហារអ្វីដែលពួកគេចាត់ទុកថាជា ទង្វើផ្តាច់ការ និងអំពើពុករលួយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ បាតុកម្ម ណូ ឃីង (No King) គ្មានស្តេច ឬគ្មានរបបផ្តាច់ការ នេះ រំពឹងថានឹងមានការចូលរួមពីមនុស្សរាប់លាននាក់ទូទាំងសហរដ្ឋអាមេរិក ដើម្បីប្រឆាំងតវ៉ានឹងលោកប្រធានាធិបតី Trump។ គួរបញ្ជាក់ផងដែរថា ការតវ៉ាបានផ្ទុះឡើង បន្ទាប់ពីមានការមិនសុខចិត្តកើនឡើងក្នុងចំណោមជនជាតិអាមេរិក ជាមួយនឹងនយោបាយរបស់លោកប្រធានាធិបតី Trump ក្នុងនោះរួមមានទាំងការបង្រ្កាបជនអន្តោប្រវេសន៍ដោយកម្លាំងយោធា និងការបញ្ជូនកងទ័ពឆ្មាំជាតិទៅកាន់ទីក្រុងនានារបស់អាមេរិកជាដើម។