កំពង់ស្ពឺ៖ 

មនុស្សប្រុស~ស្រីចំនួន០៤នាក់បានរងរបួស ត្រូវបានដឹកបញ្ជូនយកទៅព្យាបាលភ្លាមៗ ខណៈដែលរថយន្តដឹកកម្មករ~កម្មការិនីរោងចក្រ បុករះម៉ូតូចំនួន០៣គ្រឿងពេញទំហឹង។

ហេតុការណ៍រថយន្តបុករះម៉ូតូចំនួន០៣គ្រឿងនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ លើផ្លូវជាតិលេខ៥១ ត្រង់ចំណុចផ្លូវបំបែកជាបួនភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកសំរោងទង បាននិយាយឱ្យដឹងថានៅមុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានផ្លាក់លេខ មានដឹកកម្មករ~កម្មការនីចំនួន៥០នាក់ ស្រីចំនួន៣៥នាក់ បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥១ ពីទិសខាងលិចទៅទិសខាងកើត លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានប៉ះបុកម៉ូតូចំនួន០៣គ្រឿង។

នគរបាលស្រុកសំរោងទង បានបញ្ជាក់ថា÷ករណីខាងលើ បណ្ដាលឱ្យរងរបួសមនុស្សចំនួន០៤នាក់ ស្រីចំនួន០២នាក់ រងការខូចខាតម៉ូតូ ចំនួន០៣គ្រឿងកំរិតស្រាល។ រងការខូចខាតរថយន្ត០១គ្រឿងកំរិតស្រាល។ ក្រោយកើតហេតុនគរបាលជំនាញ ចុះធ្វើការវាស់វែង ហៅរថយន្តសាមុយដឹកយកជនរងគ្រោះទៅសង្គ្រោះព្យាបាលភ្លាមៗ។

ចំពោះវត្ថុតាងទាំង០៤គ្រឿងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងទង រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕