កិច្ចប្រជុំកំពូលដែលបានគ្រោងទុករវាងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងលោកប្រធានាធិបតីប្រទេសរុស្ស៊ី ពូទីន ត្រូវបានផ្អាក បន្ទាប់ពីរុស្ស៊ី បានបដិសេធចំពោះបទឈប់បាញ់ភ្លាមៗនៅប្រទេសអ៊ុយក្រែន។ មន្ត្រីជាន់ខ្ពស់សេតវិមានសហរដ្ឋអាមេរិកបានបញ្ជាក់ថា "មិនមានគម្រោងសម្រាប់លោកប្រធានាធិបតី ត្រាំ ជួបជាមួយលោកប្រធានាធិបតី ពូទីន ក្នុងពេលឆាប់ៗនេះទេ"។ គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតី Trump បានប្រកាសកាលពីសប្តាហ៍មុនថា រូបលោក និងលោកពូទីន នឹងជួបពិភាក្សាក្នុងពេលឆាប់ៗនេះ នៅក្នុងប្រទេសហុងគ្រី ដើម្បីព្យាយាមបិទបញ្ចប់សង្រ្គាមនៅប្រទេសអ៊ុយក្រែន។ តែយ៉ាងណាមិញ លោកប្រធានាធិបតី ពូទីន មិនមានឆន្ទៈពិចារណាលើការសម្បទាននោះទេ ដោយនៅតែបន្តទាមទារឲ្យអ៊ុយក្រែន យល់ព្រមប្រគល់ទឹកដីបន្ថែមទៀត មុនពេលមានបទឈប់បាញ់ណាមួយ។