កណ្តាល៖ 

មានករណីគ្រោះធម្មជាតិទឹកហូរគួចបាក់ស្រុតច្រាំងស្ទឹង បណ្តាលអោយរងការខូចខាតសម្បត្តិគរុភណ្ឌវត្តជាច្រើន ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទីថ្ងៃទី២០ខែតុលាឆ្នាំ២០២៥ នៅទីតាំងស្ទឹងលើកដែក ចំណុចវត្តជ្រោយ(ប៉ែកខាងជើង) ស្ថិតក្នុងភូមិអន្លុងស្លាត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។ 

លោក ខេង ឃីម ប្រធានក្រុមប្រឹក្សាឃុំលើកដែក បានប្រាប់អោយដឹងថា÷ទំហំនៃការបាក់ច្រាំងស្ទឹងលើកដែកនេះ មានទំហំបឋម បណ្តោយ២៥ម៉ែត្រនិងទទឹងប្រវែង២០ម៉ែត្រ ដែលបណ្តាលអោយរងផលប៉ះពាល់ ៖ - រោងសក្ការៈលោកតាជោរ ធ្វើអំពីថ្ម ដំបូលប្រកគ្បឿងទំហុំ( ៥ម៉ែត្រ x ២ម៉ែត្រ) បាក់ចូលស្ទឹងបាត់ទាំងស្រុង - កុដិ ធ្វើអំពីឈើដំបូលប្រកគ្បឿង០១ខ្នង( ទំហំ ៤ម៉ែត្រ x ២០ម៉ែត្រ )បាក់ស្រុតខូចខាតទាំងស្រុង- រោងយ៉ាម៉ាក (កញ្ចុះអង្គុយលេង) ទំហុំ (៣ម៉ែត្រ x ៤ម៉ែត្រ ) បាក់ស្រុតខូចខាតមួយចំហៀង-  ដើមឈើទាលចំនួន ១០ដើមស្រុតចូលក្នុងស្ទឹងទាំងអស់ - បាក់របងវត្តជាប់មាត់ព្រែកប្រវែង ២០ម៉ែត្រ-និងបាក់ថ្មក្រាលបេតុងទំហំ (២០x២០ម៉ែត្រ)។  

លោកប្រធានក្រុមប្រឹក្សាឃុំ បានបញ្ជាក់បន្ថែមថានៅក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ គឺមិនមានរងរបួសគ្រោះថ្នាក់ដល់ព្រះសង្ឃ ឬ ពុទ្ធបរិសទ័នោះឡើយ  ដោយអាជ្ញាធរ សមត្ថកិច្ចឃុំ ទាំងកម្លាំងគណបញ្ជាការឯកភាពស្រុកកោះធំ បានស្រស្រាក់ស្រស្រាំ អន្តរាគមន៏ចុះមកជួយការពារសុវត្ថិភាព តាំងពីពេលកើតហេតុ រហូតដល់ភ្លឺ ព្រឹកថ្ងៃទី២១ខែតុលាឆ្នាំ២០២៥នេះទៀត  ឯការបាក់ស្រុត ក៏មិនទាន់អាចសន្និដ្ធានបាន ថានៅតែបន្តបាក់ ឬក៏ឈប់បាក់ស្រុតនោះទេ ៕