ឯកឧត្តម លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកការរៀបចំសិក្ខាសាលាលើកកម្ពស់សមត្ថភាពស្ត្រីក្នុងវិស័យកីឡាស្តីពី “មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន” ដែលមានរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី២៩ រហូតដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាស្ថានអប់រំកាយ និងកីឡា រៀបចំដោយ នាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជននៃក្រសួងអប់រំ យុវជន និងកីឡា ។
លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន បានប្រាប់ឲ្យដឹងថា សិក្ខាសាលាស្តីពី “មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន”សម្រាប់មន្ត្រីនារីក្នុងវិស័យកីឡានេះគឺជាសិក្ខាសាលាលើកទី១នៃការអនុវត្តផែនការសកម្មភាព។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយផ្អែកតាមលទ្ធផលនៃការស្ទាប់ស្ទង់មតិចំពោះមន្ត្រីនារីទាំងអស់នៅអគ្គនាយកដ្ឋានកីឡា និងមន្ត្រីនារីនៅតាមអង្គភាពទាំងអស់ចំណុះអគ្គនាយកដ្ឋានកីឡាកាលពីឆ្នាំ២០២៤ ដែលលទ្ធផលនោះបានបង្ហាញថា មន្ត្រីនារីភាគច្រើនពុំទាន់មានសមត្ថភាពផ្នែកប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការបំពេញការងារបានល្អប្រសើរនៅឡើយ។
លោកប្រធាន បានបន្តថា សិក្ខាសាលានេះមានគោលបំណងជំរុញឲ្យមន្ត្រីនារីដែលកំពុងបំពេញការងារនៅអគ្គនាយកដ្ឋានកីឡា និងនៅអង្គភាពចំណុះអគ្គនាយកដ្ឋានកីឡាទទួលបាននូវសមត្ថភាពបន្ថែមលើជំនាញបច្ចេកវិទ្យាព័ត៌មានដែលនឹងអាចជួយពួកគេក្នុងការបំពេញការងាររដ្ឋបាល និងការងារផ្សេងៗតាមអង្គភាពប្រកប ដោយប្រសិទ្ធភាពជាងមុន។ សិក្ខាសាលានេះមានសិក្ខាកាមសរុបចំនួន ៤០នាក់។ សិក្ខាសាលានេះ សិក្ខាកាមនឹងទទួលបានចំណេះដឹងផ្នែកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពាក់ព័ន្ធនឹង Microsoft Word Microsoft Excel Microsoft Power Point ការរៀបចំGoogle Form និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការបំពេញការងាររដ្ឋបាល ដែលចំណេះដឹងទាំងនេះសុទ្ធតែមានសារសំខាន់ដល់ពួកគេក្នុងការប្រើប្រាស់ដើម្បីបំពេញការងារតាមអង្គភាពទាំងក្នុងកិច្ចការរដ្ឋបាល និងក្នុងការបង្រៀនរបស់ពួកគេ។
ឯកឧត្តម កែ ប៊ុនខៀង បានមានប្រសាសន៍ថា វគ្គសិក្ខាសាលាសមភាពយេនឌ័រក្រោមប្រធានបទ ” ស្តីពី«មូលដ្ឋានគ្រឹះក្នុង ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន" ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពស្រ្ដីក្នុងវិស័យកីឡា ក្នុងចំណោមសកម្មភាពអាទិភាពចំនួន២ នៃផែនការសកម្មភាពសម្រាប់លើកកម្ពស់សមត្ថភាពស្រ្ដីក្នុងវិស័យកីឡា ។ សិក្ខាសាលាមានសមាសភាពចូលរួមមកពីអង្គភាពក្រោមឪវាទអគ្គនាយកដ្ឋានកីឡាសរុបចំនួន ៤០នាក់។ ក្នុងនាមជាសមាជិកអាស៊ាន កម្ពុជាបានចូលរួមយ៉ាងសកម្ម ដូចជា នៅថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាអន្តរជាតិ ស្តីពីការអភិរក្សល្បែងកីឡា ប្រជាប្រិយ និងកីឡាប្រពៃណី និងការអភិវឌ្ឍតំបន់ហាត់ប្រាណនិងលេងកីឡាអាស៊ាន អមព្រឹត្តិការណ៍នៃកិច្ចប្រជុំ កំពូលអាស៊ានឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាប្រធាន។ បានធ្វើជាម្ចាស់ផ្ទះនៃប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ទទួលបានលទ្ធផលជាទីមោទនៈ មានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានជាតិអន្តរជាតិ និងបានចូលរួមគាំទ្រសកម្មភាពកីឡានៅក្នុងអាស៊ាន។
