កងកម្លាំងការពារអ៊ីស្រាអែលបានបើកការវាយប្រហារសារជាថ្មី កំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សា "បន្ទាប់ពីមានការរំលោភលើបទឈប់បាញ់"។ យោធាអីស្រាអែលបានបញ្ជាក់ថា យន្តហោះចម្បាំង និងកាំភ្លើងធំរបស់អីស្រាអែល បានបើកការវាយប្រហារលើទីតាំងរបស់ក្រុមហាម៉ាសរាប់សិបកន្លែង រួមទាំងទីតាំងផ្ទុកអាវុធ និងទីតាំងយោធា។ លើសពីនេះ យន្តហោះចម្បាំងអីស្រាអែល ក៏បានបើកការវាយប្រហារទម្លាក់គ្រាប់បែកប្រមាណ 120 គ្រាប់ លើផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាសដែលមានប្រវែងប្រមាណ 6 គីឡូម៉ែត្រ។ យោងតាមការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថា ក្រោមការបំពានរបស់ក្រុមហាម៉ាស លោកនាយករដ្ឋមន្ត្រី ប៊េនចាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជារឲ្យយោធា ធ្វើសកម្មភាពភ្លាមៗលើក្រុមនេះ ហើយក៏បានបញ្ជាឲ្យផ្អាកការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា រហូតដល់មានការជូនដំណឹងបន្ថែម។ តែយ៉ាងណាមិញ យោងតាមសេចក្តីថ្លែងការណ៍របស់ លោក អាសាត់ អាល់ រីក សមាជិកការិយាល័យនយោបាយក្រុមហាម៉ាសបានបញ្ជាក់ថា "ក្រុមហាម៉ាស់ បញ្ជាក់ពីការប្តេជ្ញាចិត្តពេញលេញរបស់ខ្លួនចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងបានសង្កត់ធ្ងន់ថា នេះជាទង្វើរបស់អីស្រាអែល ឬ សាយ័ននីស ដែលបន្តរំលោភលើកិច្ចព្រមព្រៀង ប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីព្យាយាមបិទបាំងឧក្រិដ្ឋកម្មរបស់ខ្លួន។