បាត់ដំបង៖
អគ្គិភ័យបានលេបត្របាក់តួផ្សារទំនើប ហេង ឆៃលី និងរាលដាលដល់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង កាលពីវេលាម៉ោងជាង ១០យប់ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ហើយរហូតមកដល់ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះភ្លើងនៅបន្តឆេះមិនទាន់គ្រប់គ្រងបាន១០០%នៅឡើយទេ។
សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យខាងលើនេះ បណ្តាលអោយឆេះសម្ភារៈក្នុងផ្សារទាំងស្រុងនិងអគារផ្សារបាក់រំលំ បង្កអោយពលរដ្ឋម្នាក់រងរបួសត្រូវបញ្ជូនទៅសង្គ្រោះ ហើយផ្ទះប្រជាពលរដ្ឋច្រើនខ្នងនៅជាប់សងខាងផ្សារ ត្រូវបានអណ្តាតភ្លើងឆាបឆេះរាលដាលខូចខាតផងដែរ ហើយភ្លាមៗនោះ ក៏មានរថយន្តបង្ការពន្លត់អគ្គិភ័យស្នងការខេត្ត និងបណ្តាស្រុកជិតខាងជាច្រើនគ្រឿង បានមកអន្តាគមន៍ជួយបាញ់ពន្លត់ផងដែរ។
នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ គេ ឃើញមានវត្តមានថ្នាក់ដឹកនាំខេត្តក្រុង
មេបញ្ជាការអាវុធហត្ថខេត្ត ស្នងការខេត្ត ថ្នាក់ដឹកនាំយោធានិងអាជ្ញាធរពាក់ព័ន្ធ ជាពិសេស កម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់ ចុះមកដើម្បីជួយអន្តរាគមន៍ពន្លត់ភ្លើង ការពារសន្តិសុខ និងសម្រួលចរាចរណ៍នៅទីនោះ។
ហើយបើតាមការលើកឡើងរបស់សមត្ថកិច្ច រហូតមកដល់ព្រឹកនេះយើងនៅមិនទាន់គ្រប់គ្រងបានទាំងស្រុងនៅឡើយទេ ហើយមូលហេតុនៃការឆាបឆេះក៏មិនទាន់ដឹង ហើយទំហំការខូចខាតក៏មិនទាន់ដឹងដែរ អាជ្ញាធរកំពុងស្រាវជ្រាវ និងបូកសរុបនៅឡើយ ៕
