រាប់ទុកថាជាដំណឹងដ៏រំភើបរីករាយ បន្ទាប់ពីបវរកញ្ញាសម្បុរខ្មែរអង្គរ និងជាកូនកាត់ ខ្មែរ-ឡាវ កញ្ញា ស៊ឹង វង្សចន្ទពេញបូរមី បានចូលរោងភ្ជាប់ពាក្យហើយជាមួយកីឡាករបាត់ទាត់ ហេង ទីណា កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ ថ្មីៗនេះ។
មែនទែនទៅ បើអ្នកនិយមគាំទ្រវិស័យប្រកួតសម្រស់ ប្រាកដជាបានស្គាល់ច្បាស់ស្រាប់ទៅហើយ ចំពោះកេរ្តិ៍ឈ្មោះល្បីល្បាញរបស់កញ្ញា ស៊ឹង វង្សចន្ទពេញបូរមី តាមរយៈការប្រកួតបវរកញ្ញាជាច្រើន។ តួយ៉ាង បូរមី ធ្លាប់បានតំណាងឱ្យប្រទេសឡាវ នៅក្នុងការប្រកួត Miss Planet International 2022។
មិនត្រឹមតែធ្លាប់តំណាងឱ្យការប្រកួតនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ បើត្រលប់ក្រោយទៅមើលកាលពីពេលកន្លងទៅ បវរកញ្ញារូបនេះ ក៏ធ្លាប់ចូលរួមប្រកួតជាមួយវេទិកាបវរកញ្ញានៅក្នុងប្រទេសកម្ពុជាច្រើនគួរសមដូចគ្នាដែរ។ ជាមួយគ្នានេះ បូរមី ក៏បានចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធី បវរកញ្ញាឯកចក្កវាឡកម្ពុជា ឆ្នាំ ២០២៥ ដែលទើបតែបញ្ចប់ទៅថ្មីៗនេះទេ ដែលជាលទ្ធផលកញ្ញាទទួលបានតំណែងល្អគាប់ប្រសើរ គឺកំពូល Top 10 ពីការប្រកួត។
ដោយឡែក នៅក្នុងថ្ងៃសិរីសួស្តីនៃពិធីភ្ជាប់ពាក្យឯណេះវិញ អ្នកនាង ហ្វីយ៉ាតា ដែលជាម្ចាស់ជ័យលាភីលេខ១ និងជាមិត្តភក្តិរួមការប្រកួត បវរកញ្ញាឯកចក្កវាឡកម្ពុជា ឆ្នាំ ២០២៥ បានបង្ហោះសំណេរជូនពរទៅកាន់មិត្ត នៅលើបណ្តាញសង្គម រៀបរាប់ថា៖ “សំណាងល្អប្អូនទាំងពីរ តស៊ូមកជាមួយគ្នាច្រើនហើយ ស័ក្តិសមហើយដែលបានចាប់ដៃគ្នាជាគូជីវិត ប្អូនស្រីបងជាមនុស្សល្អ ស្មោះត្រង់ ចិត្តស្អាត ពូកែ ទេវតានឹងតាមថែរក្សាប្អូន”។
មិនខុសពី ហ្វីយ៉ាតា នោះទេ មហាជនអ្នកគាំទ្ររបស់បវរកញ្ញា ស៊ឹង វង្សចន្ទពេញបូរមី និងកីឡាករបាត់ទាត់ ហេង ទីណា ក៏បានផ្ញើពាក្យជូនពរល្អៗទៅកាន់ពួកគេផងដែរ៕
