កំពង់ស្ពឺ៖
ក្រុមជនសង្ស័យប្រុស~ស្រីចំនួន០៣នាក់ត្រូវបានកម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យធ្វើការឃាត់ខ្លួនបាន ខណៈដែលក្រុមជនសង្ស័យកំពុងចរាចរណ៍គ្រឿងញៀន ហើយប្រជាពលរដ្ឋល្អក្នុងមូលដ្ឋានរាយការណ៍ជូនសមត្ថកិច្ច។
ការឃាត់ខ្លួនក្រុមជនសង្ស័យប្រុស~ស្រីចំនួន០៣នាក់ពាក់ព័ន្ធគ្រឿងញៀនបានកាលពីល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ នៅព្រៃខាងលិចភូមិត្រពាំងវែង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលស្រុកសាមគ្គីមុនីជ័យ បាននិយាយឱ្យដឹងថា មុនឈានទៅធ្វើការឃាត់ក្រុម ជនសង្ស័យប្រុស~ស្រីខាងលើនេះ÷ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការចង្អុលណែនាំពីលោក ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន កំលាំងអធិការដ្ឋាននគរបាលស្រុក សាមគ្គីមុនីជ័យ លោកវរសេនីយ៍ទោ សាវ សុភក្តី អធិការស្ដីទី បានដឹកនាំកំលាំងចុះធ្វើការស្រាវជ្រាវយោងតាមព័ត៌មានរបស់ប្រជាពលរដ្ឋ បានរាយការណ៍ថា នៅព្រៃខាងលិចភូមិ ត្រពាំងវែង ឃុំដំណាក់រាំង រួចមក កម្លាំងក៏បានឃាត់មុខសញ្ញាជនសង្ស័យចំនួន០៣នាក់៖ ទី១~ឈ្មោះ វន វ៉ុន ភេទប្រុស អាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដ ទី២~ឈ្មោះ ធា ស្រីនៀត ភេទស្រី អាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដ និងទី៣~ឈ្មោះ ធី វន្ថា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង០៣នាក់ រស់នៅក្នុងឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យទាំង០៣នាក់ខាងលើ កំលាំងនគរបាលបានឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាគ្រឿងញៀនចំនួន៩កញ្ចាប់ ,ទូរស័ព្ទដៃចំនួន០៤ គ្រឿង ,ម៉ូតូចំនួន០២គ្រឿងផងដែរ ។ បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង០៣នាក់ រួមជាមួយវត្ថុតាងនិងសម្ភារៈ នគរបាលបានបញ្ជួន មកកាន់អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីចាត់ការបន្ដ តាមផ្លូវច្បាប់៕