កណ្តាល៖ 

ជាសោកនាដកម្មនៅក្នុងគ្រួសារដែលនឹកស្មានមិនដល់  ក្រោយឃើញប្អូនប្រុសលង់ទឹក បងប្រុសក៏លោតចុះទៅជួយ តែត្រូវលង់ទឹកស្លាប់ទាំង០២នាក់បងប្អូនទាំងក្មេងវ័យ ដោយហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីថ្ងៃទី០៨ខែតុលាឆ្នាំ២០២៥ នៅចំណុច ស្រះទឹកក្នុងវត្តព្រែកបង្កង ស្ថិតនៅក្នុងភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ  ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ 

លោកវរសេនីយ៍ត្រី ជុច វិចិត្រ នាយប៉ុស្តិ៍នគរបាលរដ្ធបាលព្រែកតាកូវ បានប្រាប់ឲ្យដឹងថា÷កុមារារងគ្រោះមានចំនួន០២នាក់ ជាបងប្អូនបង្កើតនិងគ្នា៖ទី០១- ឈ្មោះ  ស៊្រិន ម៉េងលី អាយុ១១ឆ្នាំ (ជាបងប្រុស) និងទី០២- ឈ្មោះ ស៊្រិន សុខហេង អាយុ០៥ឆ្នាំ( ជាប្អូនប្រុស) ដែលកុមាររងគ្រោះទាំង០២នាក់ជាជនជាតិខ្មែរ និងជាសិស្សសាលា រស់នៅក្នុងបន្ទុកគ្រួសារ ដែលមានទីលំនៅក្នុងភូមិសង្កាត់កើតហេតុ ។ 

តាមការបំភ្លឺរបស់ឈ្មោះ លឹម ពៅ ភេទស្រី អាយុ៤៥ឆ្នាំត្រូវជាម្ដាយបង្កើតរបស់កុមាររងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា៖ នៅវេលាម៉ោង ០៤និង៣០នាទី ទៀបភ្លឺ ថ្ងៃកើតហេតុ  ក្នុងជីវភាពលក់ដូរបន្តិចបន្តួចទ្រទ្រង់ជីវភាព ម្ដាយបានរៀបចំអីវ៉ាន់យកទៅលក់នៅមុខវត្តព្រែកបង្កងដូចសព្វដងដោយបានហៅ កូនប្រុសទាំង០២ អោយទៅជាមួយដើម្បីជួយរៀបចំអីវ៉ាន់ពេលព្រឹក។

លុះនៅវេលាម៉ោងកើតហេតុ ពេលម្តាយកំពុងតែរវល់លក់ដូរ  កុមារទាំងពីរនាក់ ក៏បាននាំគ្នាទៅលេងទឹកស្រះក្នុងវត្តជាមួយបងប្អូន។ បានមួយសន្ទុះក្រោយមក ក៏មានក្មេងមកប្រាប់ថាមីងៗ ក្មេងប្រុសទាំងពីរនាក់ បានលង់ទឹកបាត់ ហើយ អត់ឃើញងើបឡើងមកវិញទេ។ ភ្លាមនោះ ម្តាយនិងអ្នកជិតខាងក៏ បាននាំគ្នាចុះជួយរាវរកនៅក្នុងស្រះទឹក ទើបប្រទះឃើញសព កុមាររងគ្រោះទាំង០២នាក់ និងក៏បានរាយការណ៍ជូនសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ។   

សមត្ថកិច្ចជំនាញពិនិត្យទីតាំងកើតហេតុនិងកោសលវិច្ច័យ នៃអធិការដ្ធាននគរបាលក្រុងអរិយក្សត្រ ទាំងលោកគ្រូពេទ្យ ក្រោយពិនិត្យវិភាករួច បានដាក់សេចក្តីសន្និដ្ធានថាកុមាររងគ្រោះទាំង០២នាក់ ពឹតជាស្លាប់ដោយលង់ទឹកប្រកដមែន ។ សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕