ភ្នំពេញ៖ 

បុរសម្នាក់ បានបោកក្បាលស្លាប់នៅនិងកន្លែង ខណៈពេលដែលជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ទៅបុកពីក្រោយ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកគ្រឿងសំណង់មួយគ្រឿងដែលកំពុងឈប់ចតនៅលើចិញ្ចើមផ្លូវមុខដេប៉ូរបស់ខ្លួន។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០ នាទីព្រឹកថ្ងៃទី២៣ខែតុលាឆ្នាំ២០២៥ នៅតាមផ្លូវ ភ្នំពេញហាណូយស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បុរសរងគ្រោះភ្លាមៗពុំទាន់ស្គាល់អត្តសញ្ញាណឡើយ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខភ្នំពេញ១CU៩៩៧៣។

តាមសាក្សី បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងខាងលើធ្វើដំណើរតាមផ្លូវភ្នំពេញហាណូយក្នុងទិសដៅពីជើងទៅត្បូង។ នៅពេលធ្វើដំណើរមកដល់មុខដេប៉ូលក់គ្រឿងសំណង់ តាំងគឹមហាក់ ក៏បានបុកពីក្រោយរថយន្តដឹកសំណង់មួយគ្រឿងដែលកំពុងឈប់ចតនៅលើដងផ្លូវពេញទំហឹង។

តាមព័ត៌មានឱ្យដឹងទៀតថា នៅក្នុងគ្រោះថ្នាក់នោះ បណ្ដាលឲ្យម៉ូតូរងការខូចខាតខ្ទេចមួយកំណាត់មុខហើយអ្នកបើកបរបានបោកក្បាលស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

បន្ទាប់ពីកើតមានគ្រោះថ្នាក់ នគរបាលមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុហើយទាក់ទងនគរបាលចរាចរណ៍ មកវាស់វែង រួចនាំយករថយន្តនិងម៉ូតូទៅកាន់ការិយាល័យដើម្បីដោះស្រាយ។ ចំណែកសពសមត្ថកិច្ចបញ្ជូនទៅតម្កល់នៅឈាបនដ្ឋាន ដើម្បីស្រាវជ្រាវរកបងប្អូន៕