កូនកាត់ ខ្មែរ-បារាំង ខេម៉ា មេតេយ៉េ ត្រូវបានមហាជនស្គាល់យ៉ាងទូលំទូលាយ តាមរយៈការប្រកួតបវរកញ្ញាក្នុងកម្មវិធី Miss Supranational Cambodia 2023 ជាមួយនឹងតំណែងលំដាប់រងទី១។ ក្រោយពីកសាងកេរ្តិ៍ឈ្មោះក្នុងវិស័យប្រកួតសម្រស់រួចមក នាងត្រូវបានផលិតករជាច្រើនចាប់អារម្មណ៍ រហូតក្តោបបានឱកាសសម្តែងភាពយន្តខ្នាតធំជាច្រើន ក្នុងនោះមានដូចជា រឿង “កំណើតអរូបវគ្គ ១” និងរឿង “សូម៉ា” ជាដើម។
ក្រោយមក នៅឆ្នាំ ២០២៤ នាងក៏បានប្រលូកនៅក្នុងវិស័យប្រកួតសម្រស់ម្តងទៀត នៅក្នុងកម្មវិធី កញ្ញាឯកចក្កវាឡកម្ពុជា ដោយស្ថិតនៅក្នុងតំណែង កំពូល Top 5 ពីកម្មវិធី។ យ៉ាងណាមិញក្រោយពេលបញ្ចប់ការប្រកួត ខេម៉ា ស្ទើរតែបាត់មុខទាំងស្រុងពីវិស័យសិល្បៈតែម្តង។
ថ្មីៗនេះ តាមរយៈកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន តារាសម្តែង និងបវរកញ្ញា កូនកាត់រូបនេះ បានឱ្យដឹងថា ខ្លួនពិតជាបានរយាលពីវិស័យសិល្បៈពិតមែន ដោយអំឡុងពេលនៃការបាត់មុខ នាងបានទៅរស់នៅប្រទេសបារាំងបានមួយរយៈ។ ជាមួយគ្នានេះ នាងក៏បាននិងកំពុងពង្រឹងមុខជំនួញឱ្យកាន់តែរឹងមាំជាងមុនផងដែរ ទើបបាត់មុខពីវិស័យសិល្បៈបែបនេះ។ ដោយឡែកទាក់ទងនឹងវិស័យថតភាពយន្ត ខេម៉ា ថា នាងនៅតែស្វាគមន៍រាល់បណ្តាផលិតកម្មដែលបានមើលឃើញពីសមត្ថសម្តែងរបស់ខ្លួនជានិច្ច។ នាងថា នាងរីករាយនឹងសម្តែង ព្រោះនេះគឺជាការចូលចិត្តរបស់នាង។
ដ្បិតថាយ៉ាងនេះក្តី អ្នកគាំទ្ររបស់ ខេម៉ា នៅតែរំពឹងពីការវិលត្រលប់ចូលមកវិស័យប្រកួតសម្រស់របស់នាងសារជាថ្មីម្តងទៀត ប៉ុន្តែ ខេម៉ា រៀបរាប់ថា ការចូលប្រកួតនៅក្នុងវិស័យប្រកួតសម្រស់គឺជារឿងស្រពេចស្រពិល នៅមិនទាន់ហ៊ានដាក់ក្តីរំពឹងទៅកាន់អ្នកគាំទ្ររបស់ខ្លួន ថានឹងវិលមកវិញ ឬក៏អត់នោះទេ៕