ភ្នំពេញ៖ 

បុរសម្នាក់ ត្រូវបានឃាតករសម្លាប់យ៉ាងសាហាវព្រៃផ្សៃ ហើយ យកសពច្រកក្នុងការ៉ុងយកទៅបោះចោលនៅក្បែរទំនប់សណ្តស្ទឹងព្រែកត្នោតហើយត្រូវបានគេប្រទះឃើញរាយការណ៍ទៅសមត្ថកិច្ចចុះត្រួតពិនិត្យ។ 

 ហេតុការណ៍នេះបង្ករមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី ២១ខែតុលាឆ្នាំ២០២៥នៅចំណុចចិញ្ចើមផ្លូវលំ ជាប់របងដីឡូតិ៍ទុកចោលក្បែរទំនប់សណ្តរស្ទឹងព្រែកត្នោត  ភូមិគងណយ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សាកសពបុរសរូបនោះពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយមានលក្ខណៈហើមស្អុយត្រូវបានឃាតករសម្លាប់រួចច្រកក្នុងការ៉ុង(បាវ)យកទៅបោះចោល។

តាមសាក្សីបានអោយដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុអ្នកដំណើរធ្វើដំណើរឆ្លងកាត់តាមផ្លូវលំ ប្រទះឃើញការ៉ុងធំមួយ(បាវ)មានក្លិនស្អុយ សង្ស័យទើបផ្ដល់ដំណឹងឲ្យសមត្ថកិច្ចដើម្បីចុះត្រួតពិនិត្យ ។ ពេលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុបានហែកបាវមើលឃើញជា សាកសពមនុស្សប្រុសមានសភាពហើស្អុយរលួយរួចក៏រាយការណ៍ទៅនគរបាលជំនាញចុះត្រួតពិនិត្យ។

តាមព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី ២០ខែតុលាមានក្មេងម្នាក់បានប្រទះឃើញរថយន្តដឹកប្រេងមួយគ្រឿងដោយមានបុរសពីរនាក់បានលើការ៉ុងមួយដែលមានពណ៌ក្រហមហើយយកទៅទម្លាក់ចោលនៅកន្លែងកើតហេតុ។ភ្លាមៗគេពុំបានចាប់អារម្មណ៍ឡើយដោយស្មានថាជាការ៉ុងដាក់សំរាមដែលគេដឹកយកទៅទម្លាក់ចោល។លុះរំលងបានមួយយប់ស្រាប់តែមានអ្នកដំណើរឆ្លងកាត់ ធំក្លិនស្អុយ ហើយចោលភ្នែកមើលទើបដឹងថាជាសាកសពហើយបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ 

នៅព្រឹកនោះសមត្ថកិច្ចនគរបាលមូលដ្ឋានក៏ដូចជានគរបាលជំនាញក៏បានចុះទៅឡោមព័ទ្ធទីតាំងកន្លែងកើតហេតុដើម្បីត្រួតពិនិត្យសព៕