កាលពីថ្ងៃពុធ ទី22 ខែតុលា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីជាលើកដំបូងក្នុងអាណត្តិទីពីររបស់លោក ដោយកំណត់គោលដៅលើក្រុមហ៊ុនប្រេង លូក អយល (Lukoil) និង រូសណេហ្វ(Rosneft) របស់រុស្ស៊ី បន្ទាប់ពីលោកមានការខកចិត្តកាន់តែខ្លាំងលើលោកប្រធានាធិបតី ពូទីន ជុំវិញការមិនព្រមបិទបញ្ចប់សង្គ្រាមនៅប្រទេសអ៊ុយក្រែន។ ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការបន្ថែមទៀត ប្រសិនបើទីក្រុងមូស្គូ នៅតែមិនយល់ព្រមចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់។ គួរបញ្ជាក់ផងដែរថា ទណ្ឌកម្មនេះ គឺជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយរបស់លោកប្រធានាធិបតី ត្រាំ ដែលកន្លងមក មិនបានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីជុំវិញសង្គ្រាមឈ្លានពានរបស់ខ្លួននោះទេ តែផ្ទុយទៅវិញ ពឹងផ្អែកលើវិធានការពន្ធនោះ។