ភ្នំពេញ៖
ជនជាតិឥណ្ឌូនេស៊ីដែលកាប់ចាក់គ្នា នៅក្នុងបន្ទប់ជួលលេខ៥២ ជាន់ទី២ ផ្ទះជួលស្ថិតនៅតាមផ្លូវលេខ២៨២ ភូមិ៣ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ បណ្ដាលឲ្យម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់នោះ ត្រូវបានស្គាល់អត្តសញ្ញាណហើយ ដោយអ្នកទាំង២គឺជាគូទំនាស់និងគ្នា ពុំមានអ្នកទី៣នោះឡើយ ប៉ុន្តែទំនាស់គ្នារឿងអ្វីនោះនៅតែពុំដឹងទេ ។
អ្នករងរបួសឈ្មោះ JERIS PUTRA RIJAYA (ជេរីស ពូត្រា រីចាយ៉ា) អាយុ២០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី កាន់លិខិតឆ្លងដែនលេខX៤២៧២៨៤៩ ស្នាក់នៅបន្ទប់ កើតហេតុខាងលើ របួសដៃដោយមុតកាំបិតផង និងធ្លាក់ពីជាន់ទី២ផងរបួសធ្ងន់ធ្ងរ ហើយកំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។
ដោយឡែកអ្នកស្លាប់ឈ្មោះ SYAHRIAL HASIBUAN(ស្យ៉ារីយ៉ាល់ ហាស៊ីប៊ូន) អាយុ៣៣ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី កាន់លិខិតឆ្លងដែនលេខX៥៧២៨៧៧៥ ស្នាក់នៅបន្ទប់កើតហេតុខាងលើជាមួយគ្នា មានស្លាកស្នាមរបួសលើខ្លួនចំនួន១៦កាំបិត ។
នគរបាលបានប្រាប់ថា បានរកឃើញនិងកូនកាំបិតចុងស្រួចដងជ័រពណ៌ខ្មៅ ប្រឡាក់ឈាម១ដើម នៅកន្លែងកើតហេតុ ហើយបើតាម លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញបានសន្និដ្ឋានថា អ្នកស្លាប់ដោយសារខ្សោះឈាម បណ្ដាលមកពីការចាក់និងកាំបិត ៕
