លោក ភា សុភ័ក្ដ្រា គ្រូបង្វឹកក្រុមកងយោធពលខេមរភូមិន្ទ បានយល់ច្បាស់ពីកម្រិតសមត្ថភាពរបស់កូនក្រុម អាចអាចយកឈ្នះ ព្រះខ័នរាជស្វាយរៀង បានឡើយ។ដោយសារតែបានយល់ពីគម្លាត នៃកម្រិតរបស់កីឡាករទាំង២ក្រុម។ គ្រូបង្វឹករូបនេះ យល់ឃើញកីឡាកររបស់ក្រុមភ្ញៀវ មានកម្រិតខ្ពស់ជាង។ ក្នុងការត្រៀមខ្លួន ២សប្ដាហ៍មុនជំនួបនេះ ក្រុមកងយោធពលខេរមភូមិន្ទ បានហ្វឹកហាត់ពីបច្ចេកទេស និងរបៀបនៃការលេងការពារ។ បើតាមការប្រាប់ពីលោក ភា សុភ័ក្ដ្រា ក្រុមទ័ព យល់ច្បាស់ពីចលនា និងរបៀបលេងរបស់ព្រះខ័នរាជស្វាយរៀង ប៉ុន្ដែមិនអាចបំបែកក្បួនលេងរបស់គេបាន ដោយសារតែកម្រិត និងបច្ចេកទេស កីឡាករគូប្រកួត ល្អជាង។

ទម្រង់ ៥-៤-១ របស់ក្រុមទ័ព មិនមានប្រសិទ្ធភាពទេ ក្នុងតង់ទី១ ដោយសំណាញ់ទី បានធ្លាយដល់ទៅ៥គ្រាប់។លុះចូលដល់តង់ទី២ កីឡាករទ័ព លេងបានល្អជាងតង់ទី១ ដោយមានបាល់នៅតំបន់ប្រយុទ្ធ និងមានឱកាសរកគ្រាប់បាល់មួយ។ ខ្សែប្រយុទ្ធទ័ព កីឡាករ Valentine ពាក់អាវលេខ៩ ស៊ុតបញ្ចូលទី បាន១គ្រាប់ នាំឲ្យលទ្ធផល៥-១ នៅនាទី៨៥។  ព្រះខ័នរាជស្វាយរៀង មិនបានបន្ធូរបន្ថយការដាក់សម្ពាធរកគ្រាប់បាល់ឡើយ បើទោះជាខ្លួនបាននាំមុខលទ្ធផល៥-១ ហើយការប្រកួតនៅសល់តែ៥នាទីចុងក្រោយ ក៏ដោយ។ នៅនាទី៩០+២ កីឡាករកងយោធពលខេមរភូមិន្ទ បានទាត់បញ្ចូលទីខ្លួនឯង ដោយអចេតនា បន្ទាប់ពី Bounphachan ខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង បានបញ្ចូនទៅឲ្យមិត្តរួមក្រុម ហើយខ្សែការពារក្រុមទ័ពរូបនោះ ព្យាយាមរារាំង ប៉ុន្ដែបាល់បានភ្លាត់ចូលទីខ្លួនឯង។ ចប់ការប្រកួតព្រះខ័នរាជស្វាយរៀង បានឈ្នះក្រុមកងយោធពលខេមរភូមិន្ទ លទ្ធផល៦-១។ លោក ភា សុភ័ក្ដ្រា ពេញចិត្តចំពោះទម្រង់លេងរបស់កូនក្រុមខ្លួន ក្នុងតង់ទី២ ដោយចេះបង្កើតឱកាសសម្រាប់ខ្លួនឯង ហើយចេះដាក់សម្ពាធគូប្រកួត។ គ្រូបង្វឹករូបនេះ នឹងយកបទពិសោធន៍ប្រកួតជាមួយព្រះខ័នរាជស្វាយរៀង ដើម្បីរៀបចំក្រុមបន្ថែម។ ជាពិសេស លោក ភា សុភ័ក្ដ្រា នឹងពិចារណាចំពោះទម្រង់លេង ៥-៤-១ និងទម្រង់ ៤-២-៣-១ ថាទម្រង់មួយណាមានប្រសិទ្ធភាពជាង ដើម្បីសម្រាប់ប្រកួតបន្ទាប់។ ក្រៅពីការប្រកួតរវាងកងយោធពលខេមរភូមិន្ទ និងព្រះខ័នរាជស្វាយរៀង ការប្រកួតលីគនាសប្ដាហ៍ទី៨ ក៏មាន៤គូផ្សេងទៀត។ 

នៅថ្ងៃទី១៨ តុលា អង្គរថាយហ្គឺ បានយកឈ្នះ វិសាខា ក្នុងលទ្ធផល៣ ទល់និង ២ នៅកីឡដ្ឋានព្រីនស៍ ខណៈ បឹងកេត ឈ្នះ គិរីវង់សុខសែនជ័យ លទ្ធផល១ទល់និង ០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ លុះចូលដល់ថ្ងៃទី១៩ តុលា អាយ អេស អាយ ដង្កោសែនជ័យ បានចាញ់ ភ្នំពេញក្រោន លទ្ធផល២ ទល់និង ៤ នៅកីឡដ្ឋាន AIA KMH Park ស្របពេលដែល អ៊ឹម អូ អាយ កំពង់ដេវ៉ា ស្មើជាមួយ ឡាយហ្វ ព្រះសីហនុ លទ្ធផល០-០ នៅកីឡដ្ឋានវិសាខា។ គិតត្រឹមសប្ដាហ៍ទី៨ ព្រះខ័នរាជស្វាយរៀង កំពង់ឈរនៅចំណាត់ថ្នាក់លេខ១ មាន១៨ពិន្ទុ តាមពីក្រោយដោយភ្នំពេញក្រោន លេខ២ មាន១៧ពិន្ទុ។ រីឯចំណាត់ថ្នាក់លេខ៣ អង្គរថាយហ្គឺរ មាន១៥ពិន្ទុ ខណៈបឹងកេត នៅលេខ៤ មាន១៤ពិន្ទុ។ ចំណែក ណាហ្គាវើលដ៍ ក្រុមដែលមានទីតាំងនៅខេត្តកំពង់ស្ពឺនេះ នៅចំណាត់ថ្នាក់លេខ៥ មាន១១ពិន្ទុ ស្របពេល កងយោធពលខេមរភូមិន្ទ នៅលេខ៦ មាន១០ពិន្ទុ។