កណ្តាល៖
ដោយមានសម្លេងស៊ីផ្លេរថយន្តរន្ថើនមកពីក្រោយ បុរសម្នាក់ បានខំជិះម៉ូតូ គេចអែបគៀន បែរជាស៊យជ្រុលមកស្តាំ រអិលធ្លាក់ទៅជើងទំនប់ចម្ងាយ០៥ម៉ែត្រ បោកដួលនិងត្រូវម៉ូតូសង្កត់ពីលើសន្លប់ស្តូកស្តឹង ដោយហេតុការណ៍ បានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីថ្ងៃទី២៦ខែតុលាឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ21 ទួលក្រសាំង ស្ថិតក្នុងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ស្ត្រីឈ្មោះ សុខ ឡេង ត្រូវជាប្រពន្ធជនរងគ្រោះ បានប្រាប់អ្នកព័ត៌មានយើងថា÷បុរសរង គ្រោះជាប្តីរបស់គាត់ មានឈ្មោះសេង ឡង់ឌី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ក្នុងភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល មុខរបរធ្វើជាសន្តិសុខ វេនប្រចាំការពេលយប់ នៅភោជនីយ៏ដ្ធានចិន (យីហោ ព្រីម)ម្តុំក្បាលថ្នល់ រាជធានី ភ្នំពេញហើយជាទៀងទាត់ ប្តីរបស់គាត់មិនពិសារគ្រឿងស្រវឹងទេនិងតែងតែជិះម៉ូតូត្រឡប់ មកផ្ទះ វិញនៅម៉ោង០៩និង៣០នាទីព្រឹកជារៀងរាល់ថ្ងៃនិងមានពាក់មួកសុវត្ថិភាព គ្រប់ពេលធ្វើដំណើរ ។
តាមសាក្សីម្នាក់ដែលឃើញហេតុការណ៍ ឈ្មោះ ហេង សុភា អាយុ៥៧ឆ្នាំ កំពង់ធ្វើ សំណង់របងថ្មនៅក្បែរនោះ បានប្រាប់ថា÷នៅវេលាកើតហេតុ គាត់បានក្រឡេកមួយភ្លែត ក៏ឃើញជនរងគ្រោះជិះម៉ូតូគេចចេញពីរថយន្តមួយគ្រឿងដែលបើកមកពីក្រោយ ក៏ស្រាប់តែឃើញជនរងគ្រោះធ្លាក់ចេញពីលើផ្លូវ រអិលចុះតាមជើងទំប់ បោកដួល និងឃើញម៉ូតូសង្កត់ ពីលើជនរងគ្រោះ ទើបគាត់ប្រញាប់រត់ទៅជួយលើកម៉ូតូចេញពីលើជនជនរងគ្រោះ និង ក៏បានទូរសព្ទប្រាប់សមត្ថកិច្ចប៉ុស្តិ៍រកាខ្ពស់ ចុះមកជួយអន្តរាគម ដោយបានលេខទូរស័ព្ទនៅនិងបណ្ណសំគាល់ខ្លួនរបស់ជនរងគ្រោះ ជាលេខប្រពន្ធ។
សមត្ថកិច្ចក៏បានផ្តល់ដំណឹងដល់ក្រុមគ្រួសារមកទទួលជនរងគ្រោះ លើកគ្រាពីជើងទំនប់មកដាក់លើម៉ូតូផាស់ស្អាប់ដឹក យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្អាង៕
