កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថា “គីម ជុងហ៊ូន” (Kim Jeong Hoon) ត្រៀមនឹងបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តភាគថ្មីដែលមានចំណងជើងថា “មែរីថល ស្គែនឌល ផែនដូរ៉ា ស៊ីឃ្រីតថ៍” (Marital Scandal: Pandora's Secret) (ឈ្មោះមិនផ្លូវការ) ក្រោយបាត់មុខពីឧស្សាហកម្មភាពយន្តជាង ៦ ឆ្នាំកន្លងមកនេះ។

ខ្សែភាពយន្តភាគខាងលើ និយាយពីភាពអាថ៌កំបាំងនៅពីក្រោយជីវិតដ៏ល្អឥតខ្ចោះរបស់អភិជនជាន់ខ្ពស់នៅក្នុងសង្គម។ ពួកគេទាំងនោះសុទ្ធតែមានការលាក់កំបាំងនូវរឿងរ៉ាវផ្សេងៗនៃភាពដ៏ឡូយឆាយរបស់ពួកគេ។

នៅក្នុងរឿងនេះ “គីម ជុងហ៊ូន” (Kim Jeong Hoon) ដើរតួជា “វ៉ូជីន” (Woo Jin) ជាគ្រូពេទ្យឯកទេសផ្លូវចិត្ត។ អត្តចរិតរបស់តួអង្គនេះ មានអាកប្បកិរិយាទន់ភ្លន់ និងស្ងប់ស្ងាត់ ប៉ុន្តែអ្វីដែលលើសពីមនុស្សធម្មតា នោះគឺ គេអាចអានចិត្ត និងមើលធ្លុះអាថ៌កំបាំងរបស់អ្នកដទៃបាន។

គួររំលឹកដែរថា “គីម ជុងហ៊ូន” (Kim Jeong Hoon) ធ្លាប់កសាងកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈខ្សែភាពយន្តភាគ “ព្រីនសេស អៅវ៉ឺរ៍” (Princess Hours) ឬ “ក្រមុំឡិកឡក់កំលោះទុយមុយ” ដែលបានចាក់ផ្សាយនៅក្នុងឆ្នាំ ២០០៦ ប៉ុន្តែគេបានផ្អាកសកម្មភាពផ្សេងៗនៅក្នុងវិស័យភាពយន្តទាំងស្រុងនៅអំឡុងឆ្នាំ ២០១៩ បន្ទាប់ពីមានជម្លោះផ្ទាល់ខ្លួនជាមួយអតីតមិត្តស្រី រួមទាំងការមានវិបត្តិផ្នែកហិរញ្ញវត្ថុផងដែរ។

រហូតមកដល់ឆ្នាំ ២០២៣ គីម ជុងហ៊ូន (Kim Jeong Hoon) បានជាប់ពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យមានការផាកពិន័យចំនួន ១០ លានវ៉ុន ក្រោយបដិសេធការធ្វើតេស្តរកជាតិអាល់កុល។ ដោយឡែកខ្សែភាពយន្តរឿង “មែរីថល ស្គែនឌល ផែនដូរ៉ា ស៊ីឃ្រីតថ៍” (Marital Scandal: Pandora's Secret) បាននិងកំពុងចាប់ផ្តើមដំណើរការថតហើយ និងក្រោយពេលថតចប់រួចរាល់ ក៏នឹងធ្វើការចាក់ផ្សាយនៅលើ “វ៉ែវវី” (Wavve) និង GTV ជាដើម៕