កណ្តាល ៖
មើលចុះ! នេះហើយ! ឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន ដែលបណ្តាលឲ្យជនសង្ស័យជាកូនប្រុសធ្លាប់ជាប់ពន្ធនាគារចំនួន២លើក ពេលចេញមកវិញ ហ៊ានគម្រាមថានឹងសម្លាប់ឪពុកម្តាយបង្កើតនិងធ្វើឲ្យខូចខាតដោយចេតនានូវសម្ភារ:ប្រើប្រាស់នៅក្នុងផ្ទះ ហើយ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៨និង០០នាទីព្រលប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅចំណុចភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ប្រភពសមត្ថកិច្ចស្រុកកណ្តាលស្ទឹង បានប្រាប់ឲ្យដឹងថា÷ជនរងគ្រោះមានឈ្មោះ ឡុង ចាន់នី ភេទស្រី អាយុ៥២ឆ្នាំជនជាតិខ្មែរ មុខរបរលក់បន្លែ មានទីលំនៅភូមិឃុំកើត ហេតុ (ជាម្តាយបង្កើត)។ ចំនែកជនសង្ស័យមានឈ្មោះ លីម ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ គ្មានមុខរបរពិតប្រាកដ និងវិជ្ជមានសារធាតុញៀន (ជាកូនបង្កើត) មានប្រវត្តិធ្លាប់ជាប់ ពន្ធនាគារចំនួន០២លើក៖
លើកទី០១៖ រយៈពេល ០៩ខែ ករណីប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន
លើកទី០២៖ រយៈពេល ១២ខែ ករណីអំពើលួច។ ចំពោះសម្ភារៈខូចខាតរួមមាន៖
ចាន. ឆ្នាំង .កំសៀវ. កង្ហារ០១គ្រឿង និងសម្ភារ:ប្រើ ប្រាស់ក្នុងផ្ទះមួយចំនូនទៀត
សមត្ថកិច្ចបានបញ្ជាក់ថាមុនកើតហេតុ ស្ត្រីជាម្តាយបានដឹកបន្លែទៅលក់នៅរោងចក្រម្ដុំទឹកថ្លាភ្នំពេញ។ បន្ទាប់មកនៅថ្ងៃដដែល កូនស្រីរបស់ជនរងគ្រោះបានទូរស័ព្ទប្រាប់ម្តាយ ថា បងចំរើន បានមកទៀតហើយ! និងបានវាយរបស់របរនៅក្នុងផ្ទះខ្ទេចខ្ទីរផងដែរ។
លុះដល់វេលាម៉ោងកើតហេតុ ស្ត្រីជនរងគ្រោះ(ជាម្តាយ) បានត្រឡប់មកពីលក់បន្លែវិញ ស្រាប់តែជនសង្ស័យ (កូនប្រុស) បានវ៉ៃទ្វារ កង់ ចាន ឆ្នាំង កង្ហារ ពាងទឹក កៅអី និង របស់របរ នៅក្នុងផ្ទះមួយចំនួនបាក់បែកអស់ រួចបាននិយាយគំរាមសម្លាប់ម្តាយនិងឪពុក ដោយប្រើសំដីថាអញ នឹងសម្លាប់ចោលទាំងប្ដីនិងប្រពន្ធឥឡូវហើយ ។ ភ្លាមនោះស្ត្រីជាម្តាយ ភិតភ័យតក់ស្លុតយ៉ាងខ្លាំង ទើបសម្រេចចិត្ត ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងខ្យាង ។
ក្រោយទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍បឹងខ្យាង បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក កណ្ដាលស្ទឹង ដើម្បីធ្វើការសាកសួរ ។ តាមចម្លើយរបស់ជនសង្ស័យ បានសារភាពថាអ្វី ដែលម្តាយ( ស្ត្រីរងគ្រោះ) បានប្តឹងគឺពិតទាំងអស់ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
