ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាតំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានអញ្ជើញជួបសំណេះសំណាល ជូនដំណើរ និងផ្តល់អនុសាសន៍ណែនាំដល់ប្រតិភូកីឡា និង កីឡាករ-កីឡាកាវិនីកម្ពុជា មុនចេញដំណើរចូលរួមព្រឹត្តិការណ៍ការប្រកួតយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ នៅទីក្រុង Manama ប្រទេសបារ៉ែនដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសនេះក៏មានការអញ្ជើញពីសំណាក់ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងជាប្រធានប្រតិភូកីឡាកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម វ៉ា ស៊ិនភីរម្យ ជាទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកបេសកកម្មពិសេសនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រទាំងថ្នាក់ដឹកនាំ ជាច្រើនរូបទៀត ។
ឯកឧត្តម បណ្ឌិត ថោង ខុន បានប្រសាសន៍ថា កម្ពុជាបានបញ្ជូលក្រុមកីឡាករ-កីឡាការិនីចំនួន ១៣ប្រភេទកីឡា ក្នុងចំណោម ២៣ប្រភេទ សរុបចំនួនកីឡាករ កីឡាការិនីមានចំនួន ៥២រូប ក្នុងនោះកីឡាករ ៣៣ រូប គ្រូបង្វឹក ២១រូប។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការចូលរួមប្រកួតកីឡាយុវជនអាស៊ីលើកនេះ មានសារសំខាន់សម្រាប់កម្ពុជា ក្នុងការត្រៀមរៀបចំធ្វើជា ម្ចាស់ផ្ទះឆ្នាំ២០២៩ ដែលរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យរៀបចំ បន្ទាប់ពីកម្ពុជាធ្លាប់បានទទួលបានជោគជ័យ ដ៏ត្រចេះត្រចង់ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES និងASEAN PARA GAMES ឆ្នាំ២០២៣ ។ ដើម្បីត្រៀមលក្ខណៈសម្បត្តិធ្វើម្ចាស់ផ្ទះឱ្យបានល្អ និងជោគជ័យ ខ្ញុំសូមផ្តល់អនុសាសន៍ និងជំរុញ ប្រសិទ្ធភាពក្នុងការយកចិត្តទុកដាក់អំឡុងពេលចូលរួមប្រកួតលើកនេះដូចជារក្សាឱ្យបានដាច់ខាតនូវកិត្តិយស សេចក្ដីថ្លៃថ្នូរបស់ជាតិ គ្រប់សកម្មភាព និងឥរិយាបថ អំឡុងពេល បំពេញបេសកកម្មចូលរួមការប្រកួតនេះ។ គោរពវិន័យ គោលការណ៍ណែនាំ និងក្រមសីលធម៌របស់ប្រតិភូកីឡា ដែលមាននាយបេសកកម្ម និងនាយបេសកកម្មរងជាអ្នកទទួលខុសត្រូវ ក្នុងប្រតិបត្តិការងារផ្ទាល់ជាមួយម្ចាស់ផ្ទះ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី គណៈប្រតិភូកីឡាប្រទេសដទៃទៀត ដើម្បីធានាសុវត្ថិភាព និងភាពកក់ក្ដៅដល់ កីឡាករ កីឡាការិនី។
