ក្រុមសកម្មប្រយុទ្ធហាម៉ាស់បានប្រកាសឆ្លើយតបចំពោះសំណើសន្តិភាពសម្រាប់តំបន់ហ្គាហ្សារបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដោយយល់ព្រមជាគោលការណ៍ក្នុងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ ទាំងនៅមានជិវិត និងមិនមានជិវិត។ នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ក៏បានយល់ព្រមផ្ទេរការគ្រប់គ្រងតំបន់ហ្គាហ្សាទៅឲ្យស្ថាប័នប៉ាឡេស្ទីន ដែលបង្កើតឡើងដោយការឯកភាពជាតិ និងគាំទ្រដោយប្រទេសអារ៉ាប់ និងឥស្លាម។ ទន្ទឹមនឹងនេះ ក្រុមហាម៉ាស់ក៏បានបញ្ជាក់ថា ការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ នឹងផ្អែកលើក្របខ័ណ្ឌផ្លាស់ប្តូរដែលបានរៀបរាប់នៅក្នុងសំណើរបស់លោកប្រធានាធិបតី Trump ព្រមទាំងបង្ហាញពីការត្រៀមខ្លួនជាស្រេច ដើម្បីចាប់ផ្តើមការចរចាជាបន្ទាន់ តាមរយៈអ្នកសម្របសម្រួលដើម្បីពិភាក្សាលម្អិតអំពីការអនុវត្ត។
