លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកតំណាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកនាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានជួបសំណេះសំណាល និងជូនដំណើរគ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជាចំនួន ៧ រូប ទៅចូលរួមការប្រកួតកីឡាយុវជនអាស៊ីហ្គេមលើកទី៣ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែននៅសាលប្រជុំរបស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ។

ក្នុងឱកាសសំណេះសំណាលនេះ លោក ហែម គីរី បានលើកទឹកចិត្ត និងណែនាំដល់គ្រូបង្វឹក និងកីឡាករ កីឡាការិនីដែលត្រូវទៅចូលរួមប្រកួតនេះ ត្រូវចេះសាមគ្គីជួយគ្នាទៅវិញទៅមក យកចិត្តទុកដាក់អនុវត្តវិន័យឲ្យបានត្រឹមត្រូវ បំពេញឲ្យគ្រប់លក្ខខណ្ឌតាមការណែនាំរបស់គណៈកម្មការរៀបចំការប្រកួត ពិសេសនោះត្រូវថែរក្សាសុខភាពឲ្យបានរឹងមាំ លោកក៏បានសង្កត់ធ្ងន់ថា ការទទួលបានជ័យជំនះវាមិនមែនគ្រាន់តែមាននៅក្នុងសុបិន្នទេ តែផ្ទុយទៅវីញយើងត្រូវ ត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ពង្រឹងស្មារតី ទាំងកម្លាំងកាយ និងកម្លាំងចិត្ត បញ្ចេញសមត្ថិភាពឲអស់ ដើម្បី ប្រកួតដណ្ដើមយកមេដាយជូនប្រទេសជាតិយើង កីឡាតែងតែមានការចាញ់និងឈ្នះ តែបើចាញ់សូមកុំយំឲសោះ បើចង់យំត្រូវយំនៅពេលកំពុងហ្វឹកហាត់ទើបប្រសើរជាង។ 

ក្នុងការលើកទឹកចិត្តដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនី លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកតំណាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបាននាំយកថវិការបស់លោកប្រធាន ឧបត្ថម្ភក្នុងម្នាក់ ២០០ដុល្លារ ។ 

ក្រុមគ្រូបង្វឹក និងកីឡាករ កីឡាការិនីទំាង ៧ នាក់រួមមាន លោកគ្រូបង្វឹក ឆោម ច័ន្ទថុន កីឡាករ ឌឿន រ៉ាត់ធីឌុន កីឡាការិនី ឃឺន ចន្ទចរិយា កីឡាការិនី លឹម សុខគន្ធពណ៌ កីឡាករ វ៉ាន់អូស្តិន ពិទ័រសុខខា កីឡាករ លឹម សុខវារៈស័ក្តិ និងកីឡាករ សុខ ស្សរះនឹងត្រូវចេញដំណើរនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ ៕