ក្រសួងការពារជាតិប្រទេសរុស្ស៊ីបានអះអាងថា កងទ័ពរុស្ស៊ីបានវាយដណ្តើមគ្រប់គ្រងទីតាំងជាច្រើនបន្ថែមទៀតនៅតំបន់ ដូញ៉េត និង ហ្សាពណ៌រីហ្សា និងបានបើកការវាយប្រហារលើទីតាំងថាមពល ការដឹកជញ្ជូន ឃ្លាំងប្រេងឥន្ធនៈ និងទីតាំងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេស នៅក្នុងតំបន់ចំនួន 148 កាលក្នុងប្រទេសអ៊ុយក្រែន។ ទន្ទឹមនឹងនេះ កងទ័ពរុស្ស៊ី ក៏បានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកចំនួន 416 គ្រឿងរបស់អ៊ុយក្រែន ដែលប៉ុនប៉ងវាយប្រហារលើរោងចក្រថាមពលនុយក្លេអ៊ែរ ណូវូវូរូនេស របស់រុស្ស៊ី។ យ៉ាងណាមិញ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក៏បានអះអាងថា កងកម្លាំងការពារអ៊ុយក្រែន បានចូលរួមនៅក្នុងការប្រយុទ្ធគ្នាចំនួន 193 លើក ជាមួយកងទ័ពរុស្ស៊ី ព្រមទាំងបានវាយប្រហារលើទីតាំងបុគ្គលិក ឃ្លាំងអាវុធ ប៉ុស្តត្រួតពិនិត្យ និងប៉ុស្តិ៍បញ្ជាការ និងកម្ទេចយន្តហោះគ្មានមនុស្សបើកយុទ្ធសាស្ត្ររបស់រុស្ស៊ីចំនួន 338 គ្រឿង។