មនុស្សរាប់រយនាក់បានចូលរួមក្នុងសមយុទ្ធជម្លៀសខ្លួននៅក្នុងទីក្រុង វីលនុស  របស់ប្រទេសលីទុយអានី ស្របពេលដែលប្រជាជនប្រមាណ 100 នាក់ ត្រូវបានជម្លៀសទៅកាន់ជំរុំមួយកន្លែង ក្នុងផ្នែកមួយនៃវិធានការត្រៀមខ្លួនរបស់ប្រទេសលីទុយអានីប្រឆាំងនឹងអស្ថិរភាពក្នុងតំបន់។ ខណៈដែលប្រទេសរុស្ស៊ី បង្កការគំរាមកំហែងកាន់តែខ្លាំងនៅពាសពេញតំបន់ខាងកើតរបស់ប្រទេសសមាជិកអង្គការណាតូ រដ្ឋាភិបាលនានានៅទូទាំងតំបន់បាល់ទិក និងក្នុងប្រទេសប៉ូឡូញ កំពុងរៀបចំផែនការជម្លៀសមនុស្សរាប់សែននាក់ ក្នុងករណីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន រាលដាលចូលទឹកដីរបស់ពួកគេ។ គួរបញ្ជាក់ផងដែរថា រដ្ឋធានី វីលនុស របស់ប្រទេសលីទុយអានី ដែលមានប្រជាជនរស់នៅប្រមាណ 70 ម៉ឺននាក់នោះ មានចម្ងាយប្រមាណត្រឹមតែ 20 គីឡូម៉ែត្រ ពីព្រំដែនប្រទេសបេឡារុស្ស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់រុស្ស៊ី។