ភ្នំពេញ៖ 

បុរសជាសន្តិសុខម្នាក់ ធ្លាក់ខ្លួនឈឺហើយគាំងបេះដូង ស្លាប់នៅក្នុងបន្ទប់ជួលបន្ទាប់ពីចុះចោលប្រពន្ធនិងកូនប្រុសស្រី៣នាក់ ទៅរស់នៅជាមួយស្រីស្នេហ៍បាន៤ខែ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី ២១ ខែ តុលាឆ្នាំ ២០២៥ នៅចំណុច បន្ទប់ជួលលេខ B03ជាន់ទី១ ភូមិព្រៃព្រីងខាងត្បូង២  សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ។ បុរសរូបនោះឈ្មោះនី ថេម អាយុ  ៦៣  ឆ្នំាមុខរបរ  សន្តិសុខស្នាក់នៅកន្លែងកើតហេតុ ខាងលើនិងមានស្រុកកំណើត ឃុំ គស់ ស្រុក ត្រាំកក់ខេត្ត តាកែវ។     

តាមស្ត្រីឈ្មោះទាំ មុំ អាយុ៤៦ឆ្នាំ ត្រូវជាសង្សារបានអោយដឹងថា នៅវេលាល្ងាចថ្ងៃទី ២១ខែតុលា ខ្លួន បានហៅបុរសជាសង្សារ នាំគ្នាហូបបាយ តែគាត់មិនហូប ហើយ ដេកចុចទូរស័ព្ទលេង ដោយចេះតែថប់ដង្ហើមខ្លាំង ហើយយកថ្នាំលេបក៍បានស្រួលវិញ។ លុះនៅវេលាម៉ោងប្រមាណ១១និង៣០នាទីយប់ សង្សាររបស់ខ្លួនមានអាការៈរើឡើងវិញ។ចេះតែថប់ដង្ហើមហើយតោងក្រោកឈរទៅបន្ទប់ទឹក ដោយនិយាយប្រាប់ថាខ្លួន ប្រហែលមិនរស់ទេ។ ក្រោយមក ក៏បានទំលាក់ខ្លួនដេកលើឥដ្ឋការ៉ូ ក៏ផុតដង្ហើមទៅ។

តាមស្ត្រីរូបនោះ បានឲ្យដឹងទេថា សង្សាររបស់ខ្លួនមានប្រពន្ធនិងកូនប្រុសស្រី៣នាក់ ហើយ បានប្រាប់គាត់ថាបានលែងលះគ្នា ចុះចោលផ្ទះមករស់នៅជាមួយគាត់ រយៈពេល ៤ខែមកហើយ នៅចំណុចបន្ទប់ជួលខាងលើ។ បន្ទាប់ពីសង្សាររបស់ខ្លួនស្លាប់ ស្រ្តីរូបនោះ មិនបានទៅប្ដឹងសមត្ថកិច្ចភ្លាមៗនោះទេ។ លុះនៅវេលាម៉ោង០៨និង៣០នាទីព្រឹកឡើងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចហើយបង្កឲ្យមានការភ្ញាក់ផ្អើលឡើង។

នៅព្រឹកនោះដែរ សមត្ថកិច្ចមូលដ្ឋាន ក៏បានទាក់ទងទៅនគរបាលជំនាញ ចុះទៅត្រួត   ពិនិត្យសព។ តាមការត្រួតពិនិត្យ លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានបានថាបុរសរូបនោះស្លាប់ដោយសារគាំងបេះដូង៕