ភ្នំពេញ៖ 

ជនដៃដល់ ដែលជិះរថយន្តស្លាកលេខរដ្ឋ បង្កគ្រោះថ្នាក់ហើយដកកាំភ្លើងខ្លីវាយទៅលើស្ត្រីម្នាក់បណ្ដាលឲ្យបែកក្បាលត្រូវបាននគរបាលខណ្ឌសែនសុខឃាត់ខ្លួនកាលពី វេលា៨និង៣០នាទី ព្រឹកថ្ងៃទី២៣ខែតុលាឆ្នាំ២០២៥នៅចំណុចផ្ទះល្វែងមួយកន្លែងនៅខាងត្បូងផ្សារហេងលីក្នុងសង្កាត់ទឹកល្អទី ៣ខណ្ឌទួលគោករាជធានីភ្នំពេញ។ 

ជនដៃដល់រូបនោះពុំទាន់ស្គាល់អត្តសញ្ញាណឡើយជិះរថយន្តម៉ាកឡង់គីស័រពាក់ស្លាកលេខរដ្ឋ០៦.២.៨៦៨៨។ ហេតុការណ៍គ្រោះថ្នាក់ហើយបង្កហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២២ ខែតុលាឆ្នាំ ២០២៥ នៅតាមផ្លូវបេតុងក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញ។

តាមស្ត្រីរងគ្រោះឈ្មោះប៉ែន សុខណាអាយុ២១ឆ្នាំមានលំនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានខ្ចីម៉ូតូគេមួយគ្រឿងជិះទៅទិញទឹកផឹកហើយបានឈប់។ខណៈស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក់ឡង់គ្រីស័រពណ៌ពាក់ស្លាកលេខរដ្ឋថយក្រោយមកបុកនឹងកៀរនាង។បន្ទាប់ពីបង្កគ្រោះថ្នាក់រថយន្តនោះក៏បានបើករត់ហើយនាងបើកម៉ូតូដេញតាមត្រូវរថយន្តនោះឈប់ហើយបានសុំទោស, នាងបានទាសងការខូចខាតចំនួន២ម៉ឺនរៀលតែបុរសនោះថាអត់លុយមានតែ១ម៉ឺនរៀលគាត់ធ្វើការអោយគេដែរ ។ក្រោយមកមានបុរសម្នាក់ស្គាល់គ្នា មកជួយនិយាយ ស្រាប់តែជនដៃដល់រូបនោះបានដកកាំភ្លើងគំរាមបាញ់និងប្រាប់ថាផ្ញើគ្រាប់ពីរគ្រាប់ហើយបុរសរូបនោះក៏បានរត់គេចខ្លួន។ 

 ស្ត្រីរូបនោះបានឲ្យដឹងទៀតថាបន្ទាប់មក ជនដៃដល់បានចាប់បោចសក់នាងភ្ជុង់ គំរាមនិងវាយនឹងស្នាប់កាំភ្លើងបណ្ដាឲ្យបែកក្បាល ទោះនាងបានលើកដៃសំពះអង្វរយ៉ាងណាក៏ដោយ។ក្រោយមកក៏បង្កឲ្យមានការភ្ញាក់ផ្អើលទើបជនដៃដល់ បានឡើងជិះរថយន្តគេចខ្លួនបាត់។បន្ទាប់ពីគេចខ្លួនបានមួយយប់សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខសហការជាមួយនគរបាខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យនិងដកហូត រថយន្តរួចបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខដើម្បីចាត់ការតាមច្បាប់៕