ភ្នំពេញ៖
ភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈបុរសជាជនសង្ស័យម្នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿង មកធ្វើជាទិញទូរស័ព្ទតម្លៃ១៥ដុល្លារ តែម្ចាស់ហាងគាត់លក់ឲ្យតែ១០ដុល្លា រួចជិះម៉ូតូទៅបាត់។ មួយសន្ទុះក្រោយ ស្រាប់តែត្រឡប់មកវិញ មានកាំបិតតាមខ្លួន១ដើម ក៏ឈប់នៅនិងមុខហាង រួចក៏ជិះទៅឈប់នៅចំហៀងហាង វិញ ឃើញដូចនេះ ម្ចាស់ផ្ទះក៏ភ័យស្រែកថាចោរៗ រួចទាញម៉ូតូ បណ្តាលឲ្យដួល ចំណែកជនសង្ស័យរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ខាងលើនេះដែរ បានកើតឡើងនាវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវបេតុងកែងផ្លូវ២០០៤ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមការអះអាងពីម្ចាស់ហាង បានឲ្យដឹងថានៅមុនពេលកើតហេតុ បុរសជាជនសង្ស័យ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម125 ពណ៌ខ្មៅពាក់ ផ្លាកលេខភ្នំពេញ 1KV-0371 ជិះមកតថ្លៃទិញទូរស័ព្ទតម្លៃ១៥ដុល្លារ តែម្ចាស់ហាងលក់ឲ្យត្រឹមតែ១០ដុល្លា។ ក្រោយមក ជនសង្ស័យជិះម៉ូតូទៅបាត់ មួយសន្ទុះក្រោយមក ស្រាប់តែឃើញ ត្រឡប់វិញ ក៏ឈប់ម៉ូតូនៅខាងមុខហាង បន្ទាប់មកជិះមកឈប់នៅចំហៀងហាងវិញម្តង ។
ភ្លាមនោះបុរសជាម្ចាស់ហាងមើលមិនស្រួល ដើរមើល២ទៅ៣ជុំ ស្រាប់តែឃើញកូនកាំបិតនៅកៀបជាប់ជើងនិងជនសង្ស័យ ក៏ស្រែកថាចោរៗផ្អើលអ្នកក្បែរខាង រត់មកមើល ហើយ លោតទៅរុញម៉ូតូជនសង្ស័យ បណ្តាលឲ្យដួលនៅនិងកន្លែងកើតហេតុ។
ភ្លាមនោះជនសង្ស័យ ក៏បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកនៅតែម៉ូតូមួយគ្រឿងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងកម្លាំងអាវុធហត្ថចុះមកជួយអន្តរាគមន៍ភ្លាមៗ។
ក្រោយពេលកើត សមត្ថកិច្ចមូលដ្ឋាន និង កម្លាំងអាវុធហត្ថខណ្ឌ ពោធិ៍សែនជ័យ ចុះ មកទីតាំងកន្លែងកើតហេតុ ធ្វើការសាកសួរ និង យកវត្ថុតាងកាំបិតរបស់ជនសង្ស័យទៅ រក្សាទុកដើម្បីធ្វើការស្រាវជ្រាវ រកមុខជនសង្ស័យ ដើម្បីមកផ្ដន្ទាទោស តាមផ្លូវច្បាប់៕